កម្ពុជា ស្នើ​ឱ្យអូ​ស្រ្តា​លី ជំរុញ​អ្នក​វិនិ​​យោ​គទុន និងទេស​ចរ​អូស្រ្តា​លី មកបណ្តាក់​ទុននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់​ឯកអគ្គរដ្ឋទូតអូស្រ្តាលី ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគទុន និងអ្នកទេសចរ​អូស្រ្តាលី មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍​នៅព្រះរាជា​ណាចក្រកម្ពុជា ឱ្យកាន់តែ​ច្រើន​បន្ថែមទៀត។ ការលើកឡើងរបស់សម្ដេចប្រធាន​ព្រឹទ្ធសភានេះ ក្នុងឱកាសទទួលជួប​សវនា​ការជាមួយនឹងឯកឧត្ដម ប៉ាប្លូ ជីហូ កាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា  កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា ព្រឹទ្ធសភាត្រៀមខ្លួន នឹងធ្វើ កិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកអគ្គរដ្ឋទូត និងស្ថានទូតអូស្រ្តាលី ដើម្បីរួម​ចំណែក​ដល់​ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេស​ទាំងពីរ ទាំង​ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្ដម Pablo Chiho Kang បានបញ្ជាក់ថា ប្រទេសអូស្ត្រាលីនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមរដ្ឋាភិបាល និងប្រជា​ជនអូស្ត្រាលី ឯកឧត្ដមបានចូលរួមសោកស្តាយចំពោះការបាក់​រលំអគារនៅ​ខេត្តកែប ដែល​ធ្វើឱ្យ​មនុស្សមួយចំនួនបាន​មរណភាពនិងរង​របួស។ ក្នុងអាណ​ត្តិបេសកកម្ម​ការទូត​របស់​ឯកឧត្ដមនៅកម្ពុជា នឹងខិតខំបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការ​លើវិស័យវិនិយោគទុន ពាណិជ្ជកម្ម ជាពិសេសវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យ​​ផ្សេងៗទៀតឱ្យកាន់តែសកម្មថែមទៀត៕