សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុង ពិធីបើកជាផ្លូវការកិច្ច ប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងអំឡុងពេល ដែល កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងកិច្ ចប្រជុំពាក់ព័ន្ធ រួមមាន ៖ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ , ជំនួបរវាងរដ្ឋមន្រ្តីការបរទេស អាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន លើកទី៥៥, សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន ,កិច្ចប្រជុំរដ្ឋមន្រ្តីការ បរទេស អាស៊ានបូកបី លើកទី២៣ ,កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ជាមួយនឹងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥នេះ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់។ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១ ផងដែរ។
គួរបញ្ចាក់ថា រដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ការបរទេសនៃប្រទេសចំនួន៣៨ ត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ ប្រទេសទាំងនោះ មានដូចជា៖ សមាជិកអាស៊ានទាំង១០ប្រទេស អូស្ត្រា លី ប៉ាគីស្ថាន សហភាពអារ៉ាប់អីមីរ៉េត ម៉ារ៉ុក ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ(កូរ៉េខាងជើង) សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ឥណ្ឌា សហព័ន្ធរុស្ស៊ី ជាដើម៕