កម្ពុជា-កូរ៉េ នឹងពង្រីកកិច្ចសហការលើ៦ចំនុចធំៗ ដើម្បីអភិវឌ្ឍវិស័យព្រៃឈើទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងរដ្ឋមន្រ្តីព្រៃឈើកូរ៉េ នឹងពង្រីកកិច្ចសហការលើ៦ចំនុចធំ ដើម្បីអភិវឌ្ឍវិស័យព្រៃឈើទ្វេភាគីឲ្យកាន់តែរឹងមាំ។នេះបើតាមការឲ្យដឹងក្នុងកិច្ចពិភាក្សាអំពីការគ្រប់គ្រង ការដាំដុះ ថែរក្សា អភិរក្ស និងការធ្វើអាជីវកម្មព្រៃឈើ កាលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សារួមគ្នារវាងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និង ឯកឧត្តម NAM Sung-hyun រដ្ឋមន្រ្តីព្រៃឈើកូរ៉េ នៅទីស្តីការ Forest Vision Center (Seoul City) គឺធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនោះ លោក NAM Sung-hyun បានឲ្យដឹងថា បច្ចុប្បន្នប្រទេសកូរ៉េមានផ្ទៃដីព្រៃឈើសរុប ៦៣% នៃផ្ទៃដីសរុប ក្នុងនោះ ២/៣ គ្រប់គ្រងដោយឯកជន និង ១/៣ គ្រប់គ្រងដោយរដ្ឋ។ លោកថា ៥០ឆ្នាំកន្លងមក រដ្ឋាភិបាលកូរ៉េបានអនុវត្តគោលនយោបាយដាំដុះ គ្រប់គ្រង និងថែរក្សាព្រៃឈើ ហើយលទ្ធផលដែលរដ្ឋាភិបាល ក៏ដូចជាប្រជាជនកូរ៉េទទួលបានគឺបរិស្ថានល្អ។ ជាមួយគ្នានេះ លោកថា បច្ចុប្បន្ន ក្រសួងព្រៃឈើកូរ៉េ ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចំនួន ៣៧ប្រទេសទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។

ថ្លែងក្នុងជំនួបនោះដែរ ឯកឧត្តម វេង សាខុន  ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភ គាំទ្រពីភាគីកូរ៉េ ដល់ការអភិវឌ្ឍព្រៃឈើកម្ពុជាក្នុងរយ:ពេលកន្លងមក ក្នុងឆន្ទ:រួមគឺរក្សាបរិស្ថានពិភពលោកល្អ និងកំណើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើនេះ ភាគីទាំងពីរ ក៏បានប្តេជ្ញារួមគ្នានឹងពង្រីកកិច្ចសហការលើ៦ចំនុចធំ ដើម្បីអភិវឌ្ឍវិស័យព្រៃឈើទ្វេភាគី ព្រមទាំងធ្វើបច្ចុប្បន្នភាពលើខ្លឹមសារសំខាន់ៗក្នុង MOU ឆ្នាំ២០០៨ នេះឡើងវិញក្នុងនោះរួមមាន៖ ១.បន្តជួយអភិវឌ្ឍន៍គម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ព្រៃឈើ និងឱនភាពព្រៃឈើ REDD+ . ការសិក្សាស្រាវជ្រាវលើធនធានព្រៃឈើកម្ពុជា ៣. ការសិក្សាលើធនធានដីព្រៃឈើ៤. ការធ្វើពាណិជ្ជកម្មឈើ និងការវិនិយោគទុនលើការដាំឈើ ៥. ការពិនិត្យឡើងវិញលើគម្រោងព្រៃឈើមេគង្គ-កូរ៉េ និង៦. បង្កើតវគ្គបណ្តុះបណ្តាលដល់មន្ត្រីព្រៃឈើកម្ពុជានៅសាកលវិទ្យាល័យ Korea National Open University។

ទន្ទឹមគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាថា នឹងជួបពិភាក្សាគ្នាលម្អិតបន្ថែមទៀត ដើម្បីឈានទៅចុះហត្ថលេខា MOU នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើរវាងប្រទេសទាំងពីរនាពេលអនាគតឲ្យកាន់តែល្អប្រសើរថែមទៀត៕