សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានបង្ហាញគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់បញ្ចូល ប្រទេសទីម័រឡេស្តេ សមាជិកពេញសិទ្ធិរបស់អាស៊ាន។ទន្ទឹមគ្នានេះ សម្តេចក៏សង្ឃឹមថា អាស៊ាននឹងអាចស្វាគមន៍ប្រទេសទីម័រឡេស្តេ ចូលជាសមាជិកទី១១របស់ខ្លួន យ៉ាងយូរត្រឹមឆ្នាំក្រោយ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ដោយឡែក ដំណើរការនៃការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ កំពុងមានវឌ្ឍនភាពយ៉ាងល្អ ហើយខ្ញុំមានសុទិដ្ឋិនិយមថា យើងនឹងអាច ស្វាគមន៍ប្រទេសនេះមកកាន់គ្រួសារអាស៊ានបានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយ»។
សូមជម្រាប់ដែរថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Democratic Republic of East Timor) ជាប្រទេសដែលមាន វ័យក្មេងបំផុតមួយនៅតំបន់អាស៊ី ដែលបានទទួលឯករាជ្យទាំងស្រុងពី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។ ប្រទេសនេះមានព្រំដែនជាប់ ប្រទេសឥណ្ឌូណេស៊ីតែមួយប៉ុណ្ណោះ មានផ្ទៃ ក្រឡាសរុប ១៥,៤១០គីឡូម៉ែត្រ និងប្រជាជន ១,១៦៧,២៤២នាក់ (តួលេខឆ្នាំ២០១៥) ព្រមទាំងមានរដ្ឋធានីឈ្មោះ ឌីលី។

ចាប់តាំងពីឆ្នាំ ២០០៧មក ប្រទេសទីម័រខាងកើត បានបង្ហាញពីការព្យាយាមរបស់ខ្លួន ដើម្បីក្លាយជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ហើយជាក់ស្តែងសំណើសុំផ្លូវការ ដើម្បីក្លាយជាសមាជិកនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១១ ។
យ៉ាងណា ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងថា សមាជិកភាពរបស់ទីម័រឡេស្តេនៅអាស៊ាន មិនត្រឹមតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងបរិបទនៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយរវាងមហាអំណាចប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការសម្រេចក្ដីសុបិន របស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រអាស៊ានផងដែរ៕