នៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី ៤ ខែសីហា លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី បញ្ជាក់ប្រាប់អំពីស្ថានភាព និងជំហររបស់រុស្ស៊ី ជុំវិញករណីជម្លោះអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើការពង្រឹងពង្រីកដែលមានស្រាប់ និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទេសចរណ៍ វិនិយោគ និងវិស័យដទៃទៀត តាមរយៈការជម្រុញការរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយ លោក Lavrov ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេស ជំរុញកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។
សម្ដេច មានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលកម្ពុជាតែងតែផ្ដល់សារៈសំខាន់ខ្លាំងក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនានាជាមួយរុស្ស៊ី៕