សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា គិតត្រឹមរយៈពេល ៧ខែ នៃឆ្នាំ២០២២នេះ កម្ពុជា ទទួលបានចំណូលពីការនាំចេញស្រូវ និងអង្ករបានចំនួន 705.14 លានដុល្លារសហរដ្ឋអាមេរិក។
បើតាមបញ្ចេញរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងបន្តថា ការនាំចេញអង្ករក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២២ បានចំនួន 350,902 តោន គិតជាទឹកប្រាក់ចំនួន 218.17 លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះកម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិតាម រយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន 56 ប្រទេស។
ក្នុងនោះដែរ ការនាំចេញនេះ បានបរិមាណអង្ករសរុបចំនួន 350,902 តោន នឹងបាននាំចេញទៅកាន់ប្រទេសចិន ម៉ាកាវ និងហ៊ុងកុង បានចំនួន 169,766 តោន ស្មើនឹង 48.38% នៃការនាំចេញសរុបដែលគិតជាទឹកប្រាក់ចំនួន 89.09 លាន ដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ក៏បាននាំចេញទៅកាន់ប្រទេសនៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន 25 ប្រទេស បានបរិមាណចំនួន 122,842 តោន ស្មើនឹង ៣២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន 86,08 លាន ដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអាស៊ានចំនួន 4 ប្រទេស បានចំនួន 29,957 តោន ស្មើនឹង 9% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន 20.08 លានដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹមគ្នានេះដែរ ការនាំចេញអង្ករនេះ ក៏បាននាំចេញទៅកាន់បណ្តាលគោលដៅផ្សេងៗ ទៀត ចំនួន 24 ប្រទេស បានចំនួន 28,337 តោន ស្មើនឹង ១០.៦២% គិតជាទឹកប្រាក់ 22.92 លានដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ដែរថា ការនាំចេញសរុបមានកំណើន 13.24% បើប្រៀបធៀបទៅនឹងការនាំចេញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ផងដែរ។
បន្ថែមពីនេះទៀត នៅក្នុងរយៈពេល៧ខែ នេះដែរ អង្ករក្រអូបគ្រប់ប្រភេទបាននាំចេញចំនួន 63.64% អង្ករស ចំនួន 32.42% អង្ករចំហ៊ុយចំនួន 2.23% អង្ករសរីរាង្គចំនួន ១.៧% និងអង្ករដំណើបបានចំនួន ២៣តោន។
ក្នុងរយៈពេល ៧ខែ នេះដែរកម្ពុជាបាននាំចេញស្រូវទៅប្រទេសវៀតណាមបានចំនួន 1,950,986 តោន ដែលគិតជាទឹកប្រាក់ប្រមាណជា 487.24 លានដុល្លារសហរដ្ឋអាមេរិក។នេះបើតាមការបញ្ជាក់បន្ថែមពីសហព័ន្ធស្រូវអង្ករកម្ពុជា៕