ក្រៅពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៃក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែសីហា ម្សិលមិញ។
នៅក្នុងជំនួបដាច់ដោយឡែកដែលមានរយៈពេលជាង ២ម៉ោងនេះ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី បានពិភាក្សាទៅលើប្រធានរឿងធំៗចំនួន ២ គឺទី១ ពាក់ព័ន្ធនឹងទំនាក់ទំនង និងកិច្ចពិភាក្សាទ្វេភាគី កម្ពុជា-ចិន ទី២ ការផ្លាស់ប្ដូរការងារក្រៅពីកម្ពុជា និងចិន គឺមានការងារអាស៊ាន-ចិន និងការផ្លាស់ប្ដូរមតិយោបល់លើបញ្ហាអន្តរជាតិ។
សម្តេចតេជោគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន គឺបានចាក់គ្រឹះយ៉ាងមាំ ហើយក៏មានទំនាក់ទំនងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
សម្រាប់ប្រមុខការទូតចិន លោក វ៉ាង យី ក៏បានបញ្ជាក់ផងដែរពីជំហររបស់ប្រទេសចិនក៏ដូចជារដ្ឋាភិបាលចិន ចំពោះប្រទេសកម្ពុជា ជាពិសេស ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយចិននឹងបន្តគាំទ្រដល់នយោបាយផ្ទៃក្នុងប្រទេសកម្ពុជា ក៏ដូចជានយោបាយការបរទេសផងដែរ។
លោកបន្ថែមថា ចិន គាំទ្រយ៉ាងរឹងមាំចំពោះចក្ខុវិស័យដ៏យូរអង្វែង ជាពិសេស ការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាគណបក្សប្រជាជន និងប្រទេសកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ក៏ដូចជាភាពឯករាជ្យរបស់ប្រទេសកម្ពុជា។
ជារួម កិច្ចពិភាក្សារវាងសម្ដេចតេជោ និងលោក វ៉ាង យី គឺមានភាពស៊ីជម្រៅក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសទៀតគឺការបង្កើនទាំងវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍផងដែរ។
សម្ដេចតេជោនិងលោក វ៉ាង យី ក៏បានផ្លាស់ប្ដូរមតិលើបញ្ហាសភាពការណ៍នៅមីយ៉ាន់ម៉ា បញ្ហាសង្រ្គាមអ៊ុយក្រែនជាដើម ហើយនិងស្ថានភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ ជាពិសេស នៅក្នុងពេលបច្ចុប្បន្ន។
បន្ថែមទៅទៀត លោក វ៉ាង យី បានគូសបញ្ជាក់ប្រាប់សម្ដេចក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ មានការប្រឈមជាច្រើន ដូចដែលសម្តេចមានប្រសាសន៍ថា បញ្ហានេះមិនមែនជាដំឡូងក្ដៅទេ គឺជាថ្មក្ដៅ ដែលបន្ថែមម្ដងបន្តិចម្ដងបន្តិចតែបាយថ្មក្ដៅនេះ ឱ្យទៅជាមាសបាន ដោយសារការពិនប្រសព្វ និងបទពិសោធន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
ពិសេសទៀត លោកទីប្រឹក្សារដ្ឋចិន មានការជឿជាក់ថា កម្ពុជា មានគោលជំហរមួយដ៏អស្ចារ្យនៅក្នុងពិភពលោកនេះ តាមរយៈជាប្រធានអាស៊ានផងដែរ៕