នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅថ្ងៃទី៣ សីហាម្សិលមិញ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តជំរុញឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ស្វះស្វែងរកដីរៀបចំកន្លែងត្រួតពិនិត្យទំនិញឲ្យបានសមរម្យជាពិសេសនៅមាត់ច្រកសំខាន់ៗ និងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់កិច្ចប្រតិបត្តិការគយ។
ទន្ទឹមនឹងនោះ ក៏ត្រូវបន្តពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ការជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដំណាក់កាលទី៣, ការកែលម្អគុណភាពសេវា,ជំរុញការកែទម្រង់មុតស្រួចដោយសហការជាមួយផ្នែកឯកជន និងដៃគូពាក់ព័ន្ធក្នុងការធ្វើសាមញ្ញកម្មនីតិវិធីគយដោយរក្សាទុកក្នុងកម្រិតអប្បបរមា ជាពិសេសលើការនាំចេញ។
បន្ថែមទៀតនោះ លោក ក៏បានជំរុញឱ្យគយ និងករពង្រឹងប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធ។
លើសពីនេះ លោករដ្ឋមន្រ្តីក៏បានណែនាំឱ្យពង្រឹងការងារគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ទាំងទំនិញដែលមានលក្ខណៈជាបញ្ញើប្រៃសណីយ៍ និងទំនិញនាំចូលតាមមាត់ច្រកផ្សេងៗផងដែរ៕