បើនិយាយពីរថយន្តសេរី Pick Up លំដាប់កំពូលៗ អ្នកនិយមចូលចិត្តរថយន្តច្បាស់ជាមិនអាចរំលងក្រុមហ៊ុន Ford បានឡើយ ដោយសារក្រុមហ៊ុនមួយនេះរមែងផលិតនូវយានយន្តបែប Pick-Up ទំនើបៗដូចជា Ford XLT, Wildtrak និង Raptor ជាដើម។

យ៉ាងណា ប៉ុន្មានម៉ូដែលដែលបានរៀបរាប់ខាងលើគឺជារថយន្តប្រើថាមពលប្រេងឥន្ធនៈ ប៉ុន្តែបច្ចុប្បន្នទីផ្សាររថយន្តអគ្គិសនីកំពុងត្រូវប៉ាន់ ដូច្នេះ Ford បានផលិតនូវរថយន្ត Pick-Up មួយប្រភេទដែលដំណើរការដោយថាមពលអគ្គិសនី មានឈ្មោះថា F-150 Lightning។

សម្រាប់ម៉ូដែល F-150 Lightning នេះផងដែរ គឺមានដល់ទៅ ៤ ជម្រើសដូចជា Pro, XLT, Lariant និង Platinum ខណៈតម្លៃរបស់រថយន្តទាំង ៤ ជម្រើសនេះគឺខុសគ្នា ហើយលក្ខណៈក៏ខុសគ្នាបន្តិចបន្តួចផងដែរ។

សម្រាប់ម៉ូដែល Pro គឺមានតម្លៃប្រហែល ៤ ម៉ឺនដុល្លារអាមេរិក សាកថ្មមួយពេញប្រើពេលប្រមាណជាង ១០ ម៉ោង ហើយអាចជិះបាន ៣៧០គម ខណៈម៉ូដែល XLT និង Lariant វិញប្រើពេលប្រមាណ ៨ ម៉ោងសម្រាប់ការសាកថ្មមួយពេញ និងអាចជិះបានប្រហែល ៥០០ គម ខណៈ XLT មានតម្លៃប្រមាណ ៥៣ ០០០ ដុល្លារអាមេរិក ស្របពេល Lariant មានតម្លៃប្រមាណ ៦៧ ០០០ ដុល្លារ។

ម៉ូដែលចុងក្រោយ Platinum ថ្លៃជាងគេដល់ទៅជាង ៩ ម៉ឺនដុល្លារ និងចាយពេលប្រមាណ ៨ ម៉ោងដូចគ្នាសម្រាប់ការសាកថ្មមួយពេញ និងអាចជិះបានប្រមាណ ៤៨០ គម។

សូមជម្រាបដែរថា ដោយសាររថយន្ត F-150 Lightning ជាប្រភេទរថយន្តអគ្គិសនី ដូច្នេះវាមិនចាំបាច់មានម៉ាស៊ីនច្រើនឡើយ អញ្ចឹងហើយទើបវាមានភាពទូលាយខ្លាំងនៅក្នុងតួរថយន្តទាំងមូល។
គួររំលឹកដែរថា តម្លៃដែលបានរៀបរាប់ខាងលើគឺជាតម្លៃចេញពីរោងចក្រនៅអាមេរិក ស្របពេលភាពខុសគ្នារវាងរថយន្តទាំង ៤ ម៉ូដែលនោះ គឺការរចនាភ្លើង និងកាងខាងមុខរថយន្ត ដោយម៉ូដែលថ្លៃៗមានសភាពភ្លឺច្បាស់ជាង៕