មន្ត្រីសួនសត្វភ្នំតាម៉ៅ ច្រានចោលព័ត៌មានថា សួនសត្វភ្នំតាម៉ៅមានគម្រោងរុះរើទៅខេត្តផ្សេង

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ញឹក រតនៈ បានថ្លែងបដិសេធ ច្រានចោលព័ត៌មានមិនពិតអំពីគម្រោងរុះរើសួនសត្វភ្នំតាម៉ៅទៅខេត្តផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ញឹក រតនៈ បានឱ្យដឹងថា ថ្មីៗនេះ មានការផ្សព្វផ្សាយតាមរយៈបុគ្គល និងសារព័ត៌មានមួយចំនួន បណ្ដាលឱ្យមានការភ័ន្តច្រឡំថា ឧទ្យាសួនសត្វ ភ្នំតាម៉ៅ នឹងត្រូវរុះរើ ផ្ទេរទៅកាន់ខេត្តសៀមរាប ឬខេត្ត កំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី បណ្ដាលឱ្យមានផលប៉ះពាល់ដសល់សត្វព្រៃ​មួយចំនួន ដែល កំពុងថែរក្សានៅក្នុងឧទ្យាន។

លោក ញឹក រតនៈបញ្ជាក់ថា ករណីនេះ ឧទ្យាសួនសត្វ មិនមានផែនការរុះរើ ឬផ្ទេរទីតាំង ទៅកាន់ខេត្តផ្សេង​ឡើយ។ ហើយថា សត្វព្រៃទាំងអស់ដែលកំពុងថែរក្សា នឹងមិនរងផលប៉ះពាល់ដូចការលើកឡើងនោះដែរ។

បើតាមលោក ញឹក រតនៈ ហ្វូងប្រើស រមាំង ឈ្លួស ជ្រូកព្រៃ សត្វស្លាបទាំងអស់ ត្រូវបានដោះលែងឱ្យរស់​នៅ​ក្នុងបរិវេណឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ ហិកតា និងមានរបងសុវត្ថិភាពព័ទ្ធជុំវិញក្នុងគោលបំណងដើម្បីបម្រើឱ្យការងារអប់រំ ការបង្កាត់ពូជ និងកាត់​បន្ថយជម្លោះរវាងសត្វព្រៃ និងសហគមមូលដ្ឋាន។

សូមជំរាបផងដែរថា រាជរដ្ឋាភិបាល បានដាក់ទុនបន្ថែមសម្រាប់គម្រោងអភិវឌ្ឍន៍ឧទ្យាន​សួននិងមជ្ឈ​មណ្ឌល​សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ រួមមានគម្រោងស្ថាបនាកែលម្អគុណភាព ប្រព័ន្ធផ្លូវក្នុងឧទ្យានសួនសត្វ មានប្រវែងជាង ១៥ គីឡូម៉ែត្រ។

គម្រោងសាងសង់បន្ទប់អនាម័យចំនួន ៥ កន្លែង គម្រោងសាងសង់អគាររដ្ឋបាល​មួយកន្លែងដើម្បីបម្រើ​ឱ្យ​ការងារប្រចាំថ្ងៃ និងគម្រោងសាងសង់មជ្ឈមណ្ឌលកម្សាន្ដដើម្បីបម្រើឱ្យសេវាកម្មទេសចរណ៍ កសាងអាង​ស្ដុក​ទឹកមួយកន្លែងដែលមានចំណុះជាង ២០ ម៉ឺនម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងតម្រូវការប្រចាំថ្ងៃ​របស់ឧទ្យាសួនសត្វភ្នំតាម៉ៅ។

កសាងខ្លោងទ្វារ២កន្លែង និងដាំដើមឈើ ផ្កដាលម្អតាមដងផ្លូវជាង ១ ម៉ឺនដើម ដើម្បីបម្រើឱ្យសេវាកម្ម​ទេសចរណ៍​ចំនួន ជំរុញកំណើនសេដ្ឋកិច្ច និងចំណូលសហគមន៍ មូលដ្ឋាន និងជួយឱ្យឧទ្យានសួនសត្វ អាច​ប្រកួតប្រជែងបានក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន និងធានានិរន្តភាពការងារប្រចាំថ្ងៃ​របស់ឧទ្យាសួនសត្វ​ផងដែរ៕

សូមទស្សនាវីដេអូ៖