ប្រមុខការទូតឥណ្ឌា ពេលនេះកំពុងបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់កម្ពុជាពីគោលបំណងនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្លូវ ពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសមីយ៉ាន់មារ ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា និងសហប្រតិបតិការក្នុងក្របខណ្ឌអាស៊ាន មេគង្គ គង្គា លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការពារជាតិ ដោះមីន វិនិយោគ និងអភិវឌ្ឍសហគមន៍ ព្រមទាំងជួសជុលប្រាង្គប្រាសាទ។
នេះបើយោងតាមជំនួបពិភាក្សាការងារនៅរសៀលថ្ងៃទី០៤ ខែសីហានេះ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
និងលោក Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះគោលបំណង នៃការពង្រីកកិច្ចសហប្រតិបត្តិការដែលបានលើកឡើងដោយ រដ្ឋមន្រ្តីការបរទេសឥណ្ឌា។
គួររំលឹកថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរិន្ទត្រា ម៉ូឌី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសថា ឥណ្ឌានឹងផ្ដល់ឥណទាន ចំនួន១ពាន់លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន (Highway) ត្រីភាគី (ឥណ្ឌា មីយ៉ាន់ម៉ា ថៃ) ដែលជាការតភ្ជាប់ដ៏សំខាន់មកកម្ពុជា។
នាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទត្រា ម៉ូឌី បានគូសបញ្ជាក់ថា ការតភ្ជាប់ផ្លូវមកកាន់កម្ពុជានេះ ជាការសមស្របជាមួយនឹងផែនការមេរបស់អាស៊ាន ទៅលើផែនការនៃការតភ្ជាប់។
ជំនួបពិភាក្សាការងារ កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធទូរស័ព្ទ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសស្វាគមន៍ ចំពោះការអនុវត្តន៍គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម៕