លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីកម្ពុជា ជាឥស្សរជនខ្មែរដំបូងគេដែលនឹងត្រូវទៅកាន់តំណែងជាអគ្គលេខាធិការអាស៊ាន (ASEAN Secretary General) រយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២៣ទៅ។ តំណែងនេះត្រូវបានប្រកាសចំពេលអាស៊ានមានអាយុ៥៥ឆ្នាំគត់ ហើយក៏ចំពេលកម្ពុជាធ្វើម្ចាស់ផ្ទះអាស៊ានពេញ១ឆ្នាំ២០២២។

អគ្គលេខាធិការអាស៊ានបច្ចុប្បន្ន គឺលោក Lim Jock Hoi ដែលជាជនជាតិព្រុយណេ។ អាណត្តិអគ្គលេខាធិការអាស៊ានរយៈពេល៥ឆ្នាំតែម្ដងប៉ុណ្ណោះ ហើយត្រូវបានតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន ហើយត្រូវបានជ្រើសរើសតាមលំដាប់អក្សរភាសាអង់គ្លេសរបស់សមាជិកអាស៊ានទាំង១០ ដោយផ្អែកលើលក្ខខណ្ឌមួយចំនួនដូចជាសុចរិតភាព សមត្ថភាព បទពិសោធ និងសមភាពយេនឌ័រ។

លោក កៅ គឹមហួន បច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Jeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ សមាជិកនៃក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ (WSD)។
លោកបណ្ឌិតចូលរួមក្នុងកិច្ចការសាធារណៈ ចាប់តាំងពីលោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩៣ ក្រោយបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក។ លោកត្រូវបានមើលឃើញថាជាអ្នកដើរតួនាទីសំខាន់នៅក្នុងការចូលជាសមាជិកអាស៊ានរបស់កម្ពុជា នៅឆ្នាំ១៩៩៩។

លោកក៏ជាអ្នកការទូតសំរាប់កិច្ចការអន្តរជាតិដ៏ឆ្នើមមួយរូបនៅកម្ពុជា ហើយក៏ជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៣ និងជារដ្ឋលេខាធិការក្រសួងការបរទេស ពីឆ្នាំ ២០០៤ ដល់ ឆ្នាំ២០១៣។
សម្រាប់វិស័យការអភិវឌ្ឍវិស័យអប់រំ លោកបណ្ឌិត កៅ គឹមហួន ជាអ្នកវិនិយោគមួយរូបគួរឲ្យគោរព ដែលបានបង្កើតសាកលវិទ្យាល័យកម្ពុជា (UC) នៅឆ្នាំ២០០៣។
លោកបានបង្កើតវេទិកាចំនួនពីរទទួលបានជោគជ័យគឺ វេទិកាសេដ្ឋកិច្ចអាស៊ី និងកិច្ចសន្ទនាអភិវឌ្ឍន៍ទំនុកចិត្តអាស៊ី។ លើសពីនេះ លោកបានចូលរួមបង្កើតបណ្តាញទូរទស្សន៍អាស៊ីអាគ្នេយ៍ និងស្ថានីយវិទ្យុ។

នៅឆ្នាំ ២០១៤ លោកបានបង្កើត សាលាតេជោសែន កិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា ដែលគោលបំណងផ្តល់នូវការបណ្តុះបណ្តាលកម្រិតខ្ពស់ សំរាប់អ្នកគ្រប់គ្រង អ្នកធ្វើគោលនយោបាយ និងមេដឹកនាំវ័យក្មេង។
នៅឆ្នាំ២០១៥ លោកបានបង្កើតមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ នៅសាកលវិទ្យាល័យកម្ពជា ដើម្បីលើកកម្ពស់វិជ្ជាជីវៈខាងសារព័ត៌មានប្រកបដោយគុណភាព និងការអប់រំផ្នែកគមនាគមន៍ និងផ្តល់ឱ្យនិស្សិត នូវ ការបណ្តុះបណ្តាលជាក់ស្តែង នៅស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ (SEATV) និងវិទ្យុ (FM 106)៕