សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃ ០៥ សីហានេះ គឺជាថ្ងៃដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ដែលសម្តេចនឹងចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ។ ថ្ងៃនេះ សារព័ត៌មានឧកញ៉ាញូស៍ នឹងដល់ស្រង់នូវជីវប្រវត្តិសង្ខេបខ្លះ របស់ប្រមុខរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យលោកអ្នកនាងបានឈ្វេងយល់បន្ថែម។
១) ព័ត៌មានផ្ទាល់ខ្លួន
សម្តេចតេជោ ហ៊ុន សែន កើតនៅថ្ងៃ ០៥ សីហា ឆ្នាំ ១៩៥២ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។សម្តេចតេជោ ហ៊ុន សែន បានសិក្សានៅក្នុងស្រុកភូមិ ហើយនៅឆ្នាំ ១៩៦៤ បានមករស់នៅក្នុងវត្តនាគវ័ន្ត នាទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សានៅវិទ្យាល័យឥន្ទ្រៈទេវី។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានបុត្រទាំងអស់ ៦ នាក់គឺ៖ ១) ហ៊ុន កំសត់ ( ស្លាប់ក្នុងសម័យប៉ុលពត) ២) ហ៊ុន ម៉ាណែត , ៣) ហ៊ុន ម៉ាណា , ៤) ហ៊ុន ម៉ានិត ៥), ហ៊ុន ម៉ានី និង៦) ហ៊ុន ម៉ាលី ។
២).ការសិក្សា
-សម្តេច ហ៊ុន សែន បានបញ្ចប់បឋមសិក្សា នៅស្រុកកំណើតនៅឆ្នាំ១៩៦៥ ហើយមករស់នៅរាជធានីភ្នំពេញដោយស្នាក់នៅវត្តនាគវ័ន និងសិក្សានៅវិទ្យាល័យឥន្ទ្រទេវី ថ្នាក់អនុវិទ្យាល័យ។
-នៅឆ្នាំ១៩៩១ ទទួលបានបរិញ្ញាបត្រផ្នែកនយោបាយពី Cambodian Tertiary Education និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយពី National Political Academy នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
៣). មុនឆ្នាំ១៩៧៩
-នៅឆ្នាំ១៩៧០ ក្នុងអាយុ ១៨ឆ្នាំ សម្តេច ហ៊ុន សែន បានចូលរួមក្នុងចលនាតស៊ូ ប្រឆាំងនឹងពួកចក្រពត្តិនិយម ដើម្បីរំដោះកម្ពុជា ពីភ្លើងសង្គ្រាម ក្រោមការអំពាវនាវរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តមសីហនុ។
-មុនថ្ងៃទទួលជ័យជំនះ ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ គឺថ្ងៃទី១៦ ខែមេសា សម្តេច ហ៊ុន សែន បានរបួសភ្នែកខាងឆ្វេង។
-នៅឆ្នាំ១៩៧៧ សម្តេច ហ៊ុន សែន បានចាកចេញពីគ្រួសារ និងដឹកនាចលនារំដោះប្រទេស
-នៅឆ្នាំ១៩៧៨ សម្តេច ហ៊ុន សែន បានក្លាយជាស្ថាបនិកមួយរូប នៃចលនាសង្គ្រោះជាតិកម្ពុជា ហៅថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមកិច្ចសហការជាមួយចលនាជាច្រើន និងការគាំទ្រដោយកម្លាំងកងទ័ពស្ម័គ្រចិត្តវៀតណាម។ ចលនានេះ បានជួយរំដោះប្រទេស និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប្រជាធិបតេយ្យកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
៤).ក្រោយឆ្នាំ១៩៧៩
-នៅឆ្នាំ១៩៧៩ សម្តេច ហ៊ុន សែន កាន់តំណែងជារដ្ឋមន្ត្រីការបរទេស។
-នៅឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៥ សម្តេច ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស។
-ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១ សម្តេច ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
-នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សម្តេច ហ៊ុន សែន គឺជាតំណាងហត្ថលេខីដ៏សំខាន់មួយរូបក្នុងដំណើរការ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ ជាលទ្ធផលនៃកិច្ចព្រមព្រៀងនេះ គឺការបោះឆ្នោតសកល និងដោយសេរីមួយ ដែលបានធ្វើឡើងជាលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ១៩៩៣។
-ពីឆ្នាំ១៩៩៣-១៩៩៨ សម្តេច ហ៊ុន សែន បានកាន់តួនាទីជាសហនាយករដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រីទី២) ក្នុងរដ្ឋាភិបាលចម្រុះនីតិកាលទី១ នៃរដ្ឋសភាជាតិ។
-ការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៨ សម្តេច ហ៊ុន សែន បានដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងនាមលោក ជាអនុប្រធាន រហូតទទួលបានជោគជ័យ ហើយបានក្លាយជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំរដ្ឋាភិបាលចម្រុះ នីតិកាលទី២ នៃរដ្ឋសភាជាតិ ដែលមានគណបក្សធំៗពីរគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ីនប៉ិច។ ប្រទេសកម្ពុជាបានក្លាយជា សមាជិកទី១០នៃប្រជាជាតិអាស៊ីអាគ្នេយ៍។
-នៅឆ្នាំ២០០៣ សម្តេច ហ៊ុន សែន ក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា និងឈ្នះឆ្នោតនៅខែកក្កដា។
-ក្រោយពីមានការជាប់គាំងខាងនយោបាយអស់រយៈពេលជាច្រើនខែ សម្តេច ហ៊ុន សែន បានទទួលជោគជ័យក្នុងការ បង្កើតរដ្ឋា ភិបាលចម្រុះជាមួយនឹងគណបក្សហ្វ៊ុនស៊ីនប៉ិច នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ហើយក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាល។
-នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ក្រោយពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតជាសកល ២៧កក្កដា ឆ្នាំ២០០៨ ដែលគណបក្សប្រជាជនកម្ពុជាឈ្នះបាន៩០អាសនៈក្នុង១២៣អាសនៈក្នុងសភាជាតិ លោក ហ៊ុន សែន បានឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី៤ នៃរដ្ឋសភាជាតិសំរាប់ដំណាក់កាលប្រាំឆ្នាំ (២០០៨-២០១៣)។
៥). បច្ចុប្បន្ន
-កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានតែងតែសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលជាថ្មីម្តងទៀត សម្តេចបានដឹកនាំគណបក្សប្រជាជនកម្ពុជាអោយទទួលបានជោគជ័យ។
-ក្រៅពីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានតួនាទីជានាយឧត្តមសេនីយ៍ ផ្កាយ៥ផុតលេខ ហ៊ុន សែន ថែមទៀត។
គួរបញ្ជាក់ដែរថា ជាមួយនឹងសមិទ្ធផល និងស្នាដៃធំធេង ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋខ្មែរ បានចាត់ទុកថា សម្តេច ហ៊ុន សែន គឺមេដឹកនាំម្នាក់ដ៏ឆ្នើម និងប៉ិនប្រសព្វ ដែលបានបង្កើតសមិទ្ធិផលជាតិ ការពារជាតិ បង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពិតប្រាកដជូនជាតិ និងគុណសម្បត្តិប្រសើរថ្លៃថ្លាក្នុងការផ្តល់អោយប្រទេស និងប្រជាជនកម្ពុជានូវគុណប្រយោជន៍ដ៏ធំធេងមិនអាចកាត់ថ្លៃបានផងដែរ៕ អត្ថបទ៖ រង្សី