ថ្លែងក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃសុក្រទី៥ សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្ហើបថា សម្តេចទទួលបានសញ្ញាបត្រកិត្តិយសមិនតិចជាង ១០នោះទេ នៅក្រៅប្រទេសមានចំនួន ២សញ្ញាបត្រ និងក្នុងប្រទេសមានច្រើនផងដែរ។
ផ្តើមចេញពីស្នាដៃនៃការដឹកនាំក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខសន្តិភាព រួមទាំងចូលរួមចំណែកកសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើនពីសាកលវិទ្យាល័យនៅតាមបណ្តាប្រទេសនានា។
១/ នៅឆ្នាំ១៩៩៥ សម្តេចតេជោ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង សម្រាប់ការសិក្សាមុខជំនាញ នៅសហរដ្ឋអាមេរិក។
២/ ឆ្នាំ១៩៩៦ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកច្បាប់ពីមហាវិទ្យាល័យ វ៉ែសឡេយ៉ិន (Wesleyan) រដ្ឋអាយអូវ៉ា (Iowa) នៃសហរដ្ឋអាមេរិក។
៣/ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ នាទីក្រុង សេអ៊ូល គណៈកម្មាធិការផ្តល់ពានរង្វាន់ នៃសាលាថ្នាក់ក្រោយឧត្តមសិក្សានៃសាកលវិទ្យាល័យ Dankook ប្រទេសកូរ៉េខាងត្បូង បានសម្រេចប្រគល់សញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ។
៤/ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០១ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់សញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ «រ៉ាមកំហែង» នៃប្រទេសថៃ។
៥/ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ អភិបាល និងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យអន្តរជាតិអាយរីស (Irish International University) នៃសហភាពអឺរ៉ុប បានផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ។
៦/ ថ្ងៃទី ០៨ កក្កដា ឆ្នាំ ២០០៤ សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យកម្ពុជា ។
៧/ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ សាកលវិទ្យាល័យ Soon Chun Hyang នាទីក្រុងសេអ៊ូល បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយ។
៨/ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ សាកលវិទ្យាល័យ Soon Chun Hyang នាទីក្រុងសេអ៊ូល បានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយ។
៩/ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្រុមប្រឹក្សានៃសាកលវិទ្យាល័យ រាជផាត់បានសម្តេចចៅប្រាយ៉ា (Bansomdejchaopraya Rajabhat University) បានប្រគល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន។
១០/ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ ក្រសួងអប់រំ និងបណ្តុះបណ្តាល នៃប្រទេសវៀតណាម រួមដោយសាកលវិទ្យាល័យជាតិក្រុងហាណូយ សម្រេចប្រគល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំ។
១១/ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០០៩ គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យ Woosuk សម្រេចប្រគល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ច។
១២/ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០០៩ គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យកូរ៉េ សម្រេចប្រគល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ។
១៣/ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ លីមកុកវីង អហ្វ គ្រីអេធីវ តិចណូឡូជី នៃប្រទេសម៉ាឡេស៊ី បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំឆ្នើម»។
១៤/ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ សាកលវិទ្យាល័យក្វាងស៊ី របស់ចិន ប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ។
១៥/ ថ្ងៃ១៩ ខែមីនា ឆ្នាំ២០១៩ កន្លងមក បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក (Krirk) ប្រទេសថៃ។
១៦/ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាសកលវិទ្យាល័យរបស់រដ្ឋ សម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍ។
ក្រៅពីសញ្ញាបត្របណ្ឌិតកិត្តិយស សម្តេចតេជោ ហ៊ុន សែន ក៏ទទួលបានមេដាយជាច្រើន ដែលជាការទទួលស្គាល់ចំពោះស្នាដៃដឹកនាំរបស់សម្តេច ក្នុងការធ្វើឲ្យកម្ពុជាមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច៕