សម្ដេចតេជោ៖«មានភាពជោគជ័យធំៗ២ ដែលធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំអាស៊ានបាន»

សង្គម​ និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពជោគជ័យចំនួន២ដែលធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំអាស៊ានបាន បន្ទាប់ពីកិច្ចប្រជុំនេះមិនអាចធ្វើបានដោយពេញលេញ២ឆ្នាំមកហើយ។ សម្ដេចបានអះអាងថា ភាពជោគជ័យចំនួន២នោះ គឺ១.កត្តាសន្ដិភាព និង២.ការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អរបស់កម្ពុជា។ សម្តេចមានប្រសាសន៍ដូច្នេះ ក្នុងឱកាសសម្តេច អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្វីដែលអាចឱ្យកម្ពុជាអាចរៀបចំបាននោះគឺកត្តាសន្ដិភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អរបស់កម្ពុជា​ ព្រោះថា កត្តាសន្ដិភាព ដែលនាំឱ្យមានស្ថេរភាព និងសន្ដិសុខធ្វើឱ្យថ្នាក់មន្ត្រីជាន់ខ្ពស់របស់ប្រទេសអាស៊ាន និងប្រទេសជាមិត្តអាចធ្វើដំណើរមកចូលរួមកិច្ចប្រជុំ និងកម្សាន្តបានយ៉ាងល្អគ្មានបញ្ហាកើតឡើង។

សម្ដេច បានលើកឡើងបន្ថែមថា កត្តាសំខាន់មួយទៀតដែលឱ្យកម្ពុជាអាចរៀបចំបាននោះគឺ ការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អដែលបានបើកសង្គមសេដ្ឋកិច្ច និងទេសចរណ៍ ជាពិសេសគឺគ្មានមនុស្សស្លាប់ដោយសារជំងឺនេះ ព្រោះថាបើសិនជាយើងសំបូរមនុស្សស្លាប់យើងក៏គ្មានលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំ ហើយប្រទេសនានាក៏គេខ្លាចមិនមកដែរ។

ជាមួយគ្នានេះដែរ សម្តេច ក៏បានបង្ហើបដូច្នេះថា«ខណៈដែលពិភពលោកកំពុងមានជម្លោះ សូម្បីតែការរៀបចំកៅអី សម្រាប់រដ្ឋមន្រ្តីការបរទេស មកប្រជុំអាស៊ាន ក៏មានការលំបាកដែរ ដោយសារតែអ្នកខ្លះមិនចង់អង្គុយជិតគ្នា»។

សូមបញ្ជាក់ដែរថា កម្ពុជា គឺកំពុងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលបានចាប់ផ្ដើមតាំងពីទី២៩ ខែសីហា។ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសដៃគូរបានធ្វើដំណើរចូលរួមកិច្ចប្រជុំបានដោយរលូននិងជោគជ័យ និងទទួលបានផ្លែផ្កាជាច្រើនគួរជាទីកត់សំគាល់ផងដែរ។

យ៉ាងណា សម្តេច ហ៊ុន សែន ក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយសារតែមានការបិទផ្លូវមួយចំនួន សម្រាប់គណៈប្រតិភូ មកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជាផងដែរ៕ អត្ថបទ៖ រង្សី