ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន ៥ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ២៦.៣២លានដុល្លារ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋជាង ៤០០០កន្លែង។

តាមរបាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២២នេះ បានឲ្យដឹងថា ក្រុមហ៊ុនទាំង៥ដែលបានចុះបញ្ជីគម្រោងវិនិយោគនោះរួមមាន៖ ក្រុមហ៊ុនបរទេសចំនួន ២ដែលត្រៀមនឹងបង្កើតរោងចក្រកាត់ដេរ និងរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ព្រមទាំងមានក្រុមហ៊ុនក្នុងស្រុកចំនួន ៣ ត្រៀមនឹងបង្កើតរោងចក្រ ផលិតសូឡា រោងចក្រផលិតទូគ្រប់ប្រភេទ និងរោងចក្រផលិតគ្រាប់ជ័រ។

តាមរបាយការណ៍ដដែលនេះបានបង្ហាញថា រោងចក្រទាំង ៥ នោះរួមមាន៖
១. FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ៦ A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤០៤កន្លែង។
២. THE INHERITANCE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែក ជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០១៨កន្លែង។
៣. “Solar Long PV-Tech (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ១២លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥០០នាក់។

.៤. “Cambodian Xihanouke Cabinet Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។
៥. “Taica (Cambodia) Corporation” គម្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៦២ម៉ឺនដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០នាក់៕




