តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បន្តរីកចម្រើនទោះបីមានការរាតត្បាតនៃជំងឺកូវីដ១៩។ តាមរយៈការកើនឡើងនៃតម្លៃនាំចេញនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានតម្លៃរហូតដល់ ៤៩២.៧ លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ដែលបង្ហាញពីកំណើនវិជ្ជមានរហូតដល់ ២៦% ធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
លោក UEMATSU Hiroshi នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានថ្លែងថា “មូលហេតុចម្បងនៃការកើនឡើងនៃតម្លៃនាំចេញ និងឱកាសការងារកាន់តែច្រើនសម្រាប់កម្មករនិយោជិក គឺកើតឡើងដោយសារតែការពង្រីកផលិតកម្មនៃរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំអេឡិកត្រូនិក លើសពីនេះទៀតគឺការវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុន ម៉ាវ៉ល ហ្កាមិន ឯ.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំមួយនៅក្នុងប្រទេសចិន ដែលជាប់លំដាប់ថ្នាក់ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំបំផុតដែលបានពង្រីកសង្វាក់ផលិតកម្មតាមខ្សែឈរ (vertically integrated manufacturer) ពោលគឺមានការផ្គត់ផ្គង់វត្ថុធាតុដើម និងបំពេញគ្រប់ខ្សែសង្វាក់ផលិតកម្មដោយខ្លួនឯងរហូតដល់ផលិតផលសម្រេច។
ប្រទេសកម្ពុជាអាចគ្រប់គ្រងជំងឺរាតត្បាត កូវីដ១៩ បានល្អជាងប្រទេសដទៃទៀតជាច្រើន និងអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ចទៀតផង។
ជាមួយនឹងផ្ទៃដីសរុប ៣៥៧ ហិកតា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានអ្នកវិយោគសរុបចំនួន ១០២ ក្រុមហ៊ុន ដែលផ្តល់ការងារដល់កម្មករនិយោជិកចំនួន ៣៩,១០០នាក់ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ដែលចំនួននេះកើនឡើង ៤២.៩% ធៀបនឹងចំនួនកម្មករនិយោជិក ដែលមានសរុបគិតត្រឹម ខែកក្កដា ឆ្នាំ២០២១។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ប្តេជ្ញាបន្តគាំទ្រវិនិយោគិន ដើម្បីចូលរួមចំណែកក្នុងវិស័យឧស្សាហូបនីយកម្មរបស់ប្រទេសកម្ពុជា ក៏ដូចជាបង្កើតបរិយាកាសវិនិយោគដែលមានភាពងាយស្រួល ស្របជាមួយនឹងបច្ចេកវិទ្យាទំនើបៗបែបច្នៃប្រឌិត។
ជាមួយនឹងស្ថានភាពនយោបាយ ស្ថានភាពសង្គមដ៏មានស្ថិរភាព និងច្បាប់វិនិយោគថ្មីដ៏ទាក់ទាញនៅប្រទេសកម្ពុជា យើងមានទំនុកចិត្តក្នុងការទាក់ទាញអ្នកវិនិយោគក្នុងវិស័យផលិតកម្មច្រើនទៀត និងជំរុញបរិមាណនៃការនាំចេញអោយបានកាន់តែច្រើនលើសពីនេះទៀត៕