ក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់​ពីឯកសារ​ដែល​​ត្រូវ​​ភ្ជាប់​​តាមខ្លួននៅពេលបើក​បរ​យាន​យន្ត

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួង​សាធារណការ និងដឹកជញ្ជូ​ន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ​បាន​ធ្វើការណែនាំដល់​​អ្នកបើកបរ​យាន​យន្តធ្វើ​​ចរាចរ​​ណ៍​​​​​នៅ​​លើផ្លូវថ្នល់ត្រូវមានឯកសារភ្ជាប់តា​មខ្លួន ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកសារភ្ជាប់តា​មខ្លួនដែលក្រសួងណែនាំនោះរួមមាន៖

១. បណ្ណបើកបរយានយន្ត តម្រូវឱ្យប្រើប្រាស់ឯកសារច្បាប់ដើម។

២. បណ្ណសម្គាល់យានជំនិះ អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។ ករណីបណ្ណសម្គាល់យានជំនិះ មិនមាន QR Codeតម្រូវ​​​​​​​ឱ្យមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចលើច្បាប់ថតចម្លងនោះទើបអាចប្រើប្រាស់ជាផ្លូវការបាន។

៣.វិញ្ញាបនបត្រត្រួត​ពិនិត្យលក្ខណៈបច្ចេកទេ​សយានជំនិះ(ឆៀក)អាច​ប្រើប្រាស់ឯកសារច្បាប់ថតចម្លង។

៤.ចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែមនូវ លិខិត អនុញ្ញាតឱ្យ​យាន​​យន្តធ្វើ​​អាជីវកម្មដឹកជញ្ជូន អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង ។

ក្រសួង​សាធារណការ និងដឹកជញ្ជូ​ន បានបញ្ជាក់ថា ចាប់ពីឆ្នាំ​២០១៧​មក ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការ​កែ​ទម្រង់​​តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដោយបានបញ្ចូល QR Code លើឯកសារបណ្ណបើកបរយានយន្ត បណ្ណសម្គាល់យាន​ជំនិះ វិញ្ញាបនបត្រត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស យាន​ជំនិះ​(ឆៀក) លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បី​ងាយស្រួល​គ្រប់គ្រង។