លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ក្នុងជំនួបនោះ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងលោក បូរ៉េល តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានជជែកអំពីទំនាក់ទំនងទ្វេភាគី។
លោករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងសេចក្តីរីករាយចំពោះការរីកចម្រើនជាលំដាប់នៃកិច្ចសហប្រតិបត្តិការ និងបានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មនិងការវិនិយោគ។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា សហភាពអឺរ៉ុបមិនត្រឹមតែជាម្ចាស់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូល្អទាំងក្នុងផ្នែកនយោបាយ និង សេដ្ឋកិច្ច និងបានថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះសហភាពអឺរ៉ុប និងប្រទេសជាសមាជិក សម្រាប់ការបន្តគាំទ្រ និងជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា៕

