សំណង់អគារខ្ពស់ៗបានលេចត្រដែតខ្លួននៅលើទឹកដីកោះពេជ្រ ដែលអគារខ្លះបានសាងសង់រួចរាល់ហើយ ខ្លះកំពុងតែសាងសង់ និងខ្លះទៀតគឺស្ថិតក្នុងគម្រោងសាងសង់នៅឡើយ។
តំបន់កោះពេជ្រដែលដើមឡើយគ្រាន់តែជាលំនៅដ្ឋាននិងកន្លែងដាំបន្លែរបស់គ្រួសារក្រីក្រ ឥឡូវនេះបានប្រែក្លាយមុខមាត់ទាំងស្រុងទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មានសំណង់អគារខ្ពស់ៗ អគារលំនៅដ្ឋានចម្រុះជាច្រើនទៀត។
ឧកញ៉ាញូនស៍ សូមនាំអារម្មណ៍ប្រិយមិត្តស្គាល់ពីសំណង់អគារខ្ពស់កប់ពពកទាំង ៤ កន្លែងដែលបញ្ចប់ការសាងសង់ក្លាយជាអគារខ្ពស់បំផុតនៅទីក្រុងពាណិជ្ជមួយនេះ។
អគារ Morgan Tower
អគារដ៏ខ្ពស់ស្កឹមស្កៃស្ថិតនៅកណ្តាលទីក្រុងកោះពេជ្រ បានបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ ដោយប្រើប្រាស់ពេលសាងសង់សរុប ២៨ ខែ គិតចាប់តាំងពីថ្ងៃបើកការដ្ឋានកាលពីខែសីហា ២០១៨ កន្លងទៅ។
Morgan Tower ជាអគារការិយាល័យកម្រិត A ដែលបានទទួលរង្វាន់ជា “អគារការិយាល័យអេកូឡូស៊ី” និងពានរង្វាន់មាសអន្តរជាតិ LEED។ ប្រើប្រាស់ទុនសាងសង់ប្រមាណជា ១៦០ លានដុល្លារអាមេរិក បច្ចុប្បន្ន Morgan Tower ជាអាគារខ្ពស់ផ្ដាច់គេនៅនៅទីក្រុងកោះពេជ្រ មានកំពស់៤៨ជាន់ ស្មើនឹង២១០ម៉ែត្រ។
អគារ GIA (Garden In the Air Tower ឬ GIA Tower)
អគារដ៏ខ្ពស់ស្កឹមស្កៃនេះ មានកម្ពស់រហូតដល់ ១៧៤ ម៉ែត្រ ជាគម្រោងវិនិយោគរបស់តែវ៉ាន់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១០០ លានដុល្លារសហរដ្ឋអាមេរិក។
មានកម្ពស់ ៤១ ជាន់ បែងចែកជាផ្នែកសម្រាប់វិស័យពាណិជ្ជកម្ម ការិយាល័យ ភោជនីយដ្ឋាន រួមជាមួយ Sky Bar ផងដែរ។ លក្ខណៈពិសេសនៃអគារនេះ មានកការសង់ជាជ្រោះសិប្បនិម្មិត ដែលមានកម្ពស់ ៣០ម៉ែត្រ រួមទាំងសួនលើអាកាស ៦ ម៉ែត្រ។
Dianmond Twin Tower
ក្រុមហ៊ុនចៅទីងអ៊ីនធើណេសិនណលរៀលអ៊ីស្ទេត បានបោះទុនវិនិយោគទឹកប្រមាណជា ៦០ លានដុល្លារ លើគម្រោងអភិវឌ្ឍអគារ Diamond Twin Tower ដែលជាអគារភ្លោះលំដាប់ពិភពលោកនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ សម្រាប់បម្រើដល់តម្រូវការជួលអគារការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
អគារ Diamond Twin Tower មានកម្ពស់ជាង ១៣៦ ម៉ែត្រ ដែលបែងចែកជាពីរអគារ ក្នុងនោះមួយអគារបម្រើឲ្យសេវាការិយាល័យដែលមាន ៣០ ជាន់ និងមួយអគារទៀតជាអគារពាណិជ្ជកម្មអន្តរជាតិ ដែលមានកម្ពស់ ៣២ ជាន់។
អគារខុនដូ D.I.RIVIERA
គំរោងអគារខុនដូ D.I.RIVIERA ស្ថិតនៅលើទីក្រុងកោះពេជ្រ បានជាប់គាំងមួយរយៈ។ បន្ទាប់ពីក្រុមហ៊ុនចិនមានបញ្ហាលំហូរសាច់ប្រាក់ គំរោងនេះត្រូវបានសហគ្រាសកាណាឌីយ៉ារបស់អ្នកឧកញ៉ា ពុង ឃាវសែ ដកយកមកអភិវឌ្ឍន៍ដាក់លក់ក្នុងទីផ្សារឡើងវិញ។
អគារ ៣ ទន្ទឹមគ្នានេះ បច្ចុប្បន្នបានសាងសង់បញ្ចប់អគារ A ដែលមានកំពស់សរុប ៣៩ ជាន់។ ចំណែកអគារ B គ្រោងសាងសង់បញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខ ខណៈអគារ C អាចនឹងចាប់ផ្តើមសាងសង់នៅរយៈពេលពីរទៅបីឆ្នាំខាងមុខ៕