រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken ប្រកាសពីគម្រោងថ្មីមួយក្នុងទឹកប្រាក់ ២៥ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។ គម្រោងកម្ពុជាហាវែស III មានរយៈពេល ៥ ឆ្នាំ ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID កាលពីថ្ងៃទី៤ សីហាម្សិលមិញ។

លោក Blinken មានប្រសាសន៍ថា៖ « វាពិតជាមានសារៈសំខាន់ដែលយើងត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និងដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ» ។
គម្រោង កម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូកម្ពុជាក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារសម្រាប់កសិករ។

ក្នុងរយៈពេលគម្រោង ៥ ឆ្នាំនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងរកបាន ៣៩ លានដុល្លារ ក្នុងការវិនិយោគវិស័យឯកជនថ្មី បង្កើតការងារថ្មីជាង ៣ ពាន់កន្លែង ជួយដល់បណ្តារធុរកិច្ចនិងអ្នកផលិតក្នុងវិស័យកសិកម្មកម្ពុជា ឱ្យទទួលបានហិរញ្ញប្បទាន ១៥ លានដុល្លារ និងរកបាន ១០០ លានដុល្លារ ពីការលក់៕