រដ្ឋមន្រ្តីក្រសួងកសិកម្ម ណែនាំ​​ខេត្តចំនួន ៣ បញ្ឈប់​អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើ​អាជីវកម្ម​យកកម្រៃ​សេវា​នាំ​សត្វ​​​គោ ក្របី ជ្រូក ឆ្លងកាត់និងចេញក្រៅខេត្ត

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បាន​ណែនាំ​​ដល់​រដ្ឋបាលខេត្តកំពង់ធំ ខេត្ត​សៀមរាប និងខេត្តព្រះវិហារ បញ្ឈប់​ការ​ផ្តល់គោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វ និងផលិតផលមានដើមកំណើតពីសត្វចតុប្បាទ (គោ ក្របី ជ្រូក) ឆ្លងកាត់ និងចេញក្រៅខេត្តសាមីនីមួយៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​សេចក្តីជូនដំណឹង​របស់លោក​រដ្ឋមន្រ្តី ការអនុវត្តបែបនេះគឺផ្ទុយទៅនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការផ្តល់សេវា និងការប្រមូលចំណូល​មិនមែនសារពើពន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបង្កឱ្យមានផលប៉ះពាល់ដល់បរិយាកាសនៃការធ្វើអាជីវកម្មសត្វ និង ផលិតផលមានដើមកំណើតពីសត្វរបស់វិស័យឯកជនផងដែរ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្នើរដ្ឋបាលខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ត្រូវអនុវត្តដូចខាងក្រោម៖

១- និរាករនូវរាល់គោលការណ៍អនុញ្ញាតទាំងអស់ ដែលរដ្ឋបាលខេត្តសាមីនីមួយៗបានផ្តល់ជូនទៅ រូបវន្តបុគ្គល ឬនីតិបុគ្គលឱ្យធ្វើអាជីវកម្មប្រមូលកម្រៃសេវានាំសត្វ និងផលិតផលមានដើមកំណើតពីសព្វចតុប្បាទ (គោ ក្របី ជ្រូក) ឆ្លងកាត់ និងចេញក្រៅខេត្ត ដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។
២-ជំរុញនិងណែនាំឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដាក់ពាក្យស្នើសុំសេវានៅអង្គភាពច្រកចេញចូល តែមួយ និងបង់កម្រៃសេវាតាមការកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន៕