ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្គូផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីធានាលំហូរនៃអាជីវកម្ម និងការវិនិយោគជាដើម តួយ៉ាងដូចជា ការរៀបចំ កិច្ចប្រជុំពិភាក្សាការងារនេះ រួមទាំងការផ្គូផ្គងអាជីវកម្មរវាងប្រទេសទាំងពីរផងដែរ ដែលនឹងនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ។

ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនទាំងអស់ឱ្យចូលរួមយ៉ាងសកម្ម និងស្វែងរកដៃគូវិនិយោគរបស់ខ្លួនបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងទទួលបានលទ្ធផលជាផ្លែផ្កា នាពេលអនាគត។

ថ្លែងក្នុងឱកាសជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជកម្មថៃ កាលពីថ្ងៃទី៥ សីហាម្សិលមិញ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់ គណៈប្រតិភូសភាពាណិជ្ជកម្មថៃ ឱ្យជួយជំរុញសកម្មភាពពាណិជ្ជកម្មសំខាន់ៗមួយចំនួន រួមមាន៖ (១) រៀបចំបេសកកម្មពាណិជ្ជកម្ម កម្ពុជា-ថៃ (២) ចូលរួមក្នុងការតាំងពិពណ៌កម្ពុជា ដែលរៀបចំឡើងជារៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញ (៣) ចូលរួមវេទិកាធុរកិច្ចដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគនៃប្រទេស កម្ពុជា-ថៃ។

គួររំលឹកបន្តិចថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានកើនឡើងពី ៣.៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៣.៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ (កើនឡើង ១០.៤%)៕