រដ្ឋាភិបាលជប៉ុន អះអាងថា ខ្លួននឹងបន្តធ្វើការជាមួយកម្ពុជាដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងសេដ្ឋកិច្ច និងការពារជាតិ។
លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃសៅរ៍ ទី៦សីហានេះ ដោយបង្ហាញនូវក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ដែលកំពុងតែល្អប្រសើរ។
លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានអះអាងថា លោកនឹងបន្តធ្វើការងារជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។ ជាពិសេសផ្នែកសេដ្ឋកិច្ច ជំរុញការងារវិនិយោគ និងវិស័យការពារជាតិផងដែរ។
នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ព្រឹកមិញនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានយ៉ាងល្អ ដើម្បីរួមចំណែកដោះស្រាយបញ្ហាតំបន់ និងពិភពលោក។
គួររំលឹកថា ក្នុងឆ្នាំ ២០២១ កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុបជាង ២,៣ ពាន់លានដុល្លារ កើនជិត ១១ ភាគរយបើធៀបទៅនឹងឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន Jetro។
ផលិតផលដែលកម្ពុជានាំទៅជប៉ុនមានដូចជា សម្លៀកបំពាក់ គ្រឿងផ្គុំអគ្គិសនី គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម។ ចំណែកការនាំចូលពីជប៉ុន រួមមាន គ្រឿងម៉ាស៊ីន និងផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ៕