ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា មានសាលារៀនប្រមាណជាង ១ម៉ឺន៤ពាន់សាលា និងមានសិស្សកំពុងសិក្សាប្រមាណជាង ៣លាននាក់។ ក្នុងនោះ រាប់ចាប់ពីសាលាមតេយ្យ ដល់ថ្នាក់វិទ្យាល័យ។ ការថ្លែងបែបនេះ នៅក្នុងសន្និសីទព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីវឌ្ឍនភាពលើវិស័យអប់រំនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងសន្និសីទព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីវឌ្ឍនភាពលើវិស័យអប់រំនៅព្រឹកនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ លោក ឌី ខាំប៉ូលី អ្នកនាំពាក្យក្រសួងអប់រំ បានអះអាងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យវិស័យអប់រំមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងរយៈពេល៤១ឆ្នាំក្រោយប្រទេសត្រូវបានរំដោះចេញពីរបបខ្មែរក្រហម។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានសាលារៀននៅទូទាំងប្រទេសសរុប១៤,៥២២សាលា រាប់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ។ ក្នុងនោះសាលារដ្ឋមានចំនួន១៣,៣០០សាលារៀន។ ដោយឡែកគ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ដែលរួមមានសាកលវិទ្យាល័យ និងវិទ្យាស្ថាននោះ មានចំនួន១២៥សាលា ក្នុងនោះសាលារដ្ឋមានចំនួន៤៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមាន ៧៧។
លោក ឌី ខាំប៉ូលី បានឱ្យដឹងទៀតថា បច្ចុប្បន្នមានបុគ្គលិកអប់រំទាំងអ្នកបង្រៀន និងអ្នកបម្រើការងារលើវិស័យអប់រំមានចំនួនសរុបជាង១២ម៉ឺននាក់ ក្នុងនោះអ្នកបង្រៀនមានជាង៩ម៉ឺននាក់។ អ្នកនាំពាក្យក្រសួងអប់រំ បានអះអាងថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការអប់រំរាជរដ្ឋាភិបាល បានបង្កើនថវិកាលើវិស័យអប់រំ៣ដង ស្មើនឹងប្រមាណ១៨ភាគរយ នៃថវិកាចំណាយរបស់ជាតិសរុប៕