កាលពីម្សិលមិញនេះ បន្ទាប់ពីបានពិភាក្សាការងារជាមួយលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន សម្ដេចតេជោ ហ៊ុន សែន បានចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមទាំងកម្ចីឥណទានលើគម្រោងអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែលផ្តល់ឥណទានដោយរដ្ឋាភិបាលជប៉ុន។
រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានមានទឹកប្រាក់ចំនួន ៤១,៣៨៨ ប៊ីលានយ៉េន ស្មើនឹងប្រមាណ ៣៨៣,២២ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែលចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា រដ្ឋមន្ត្រីការបរទេស ជប៉ុន។
ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ៕