សណ្ឋាគារ ហៃយ៉ាត់ រៀបចំកម្មវិធីសប្បុរសធម៌​មូលនិធិប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីកមាត់ស្បូនដល់កម្មការនីរោងចក្រកាត់ដេរនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សប្បុរសធម៌​មូលនិធិដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺមហារីកមាត់ស្បូនដល់កម្មការនីក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ ជម្ងឺមហារីកមាត់ស្បូនជាជម្ងឺដែលរីករាលដាលបំផុតនៅកម្ពុជា​ និងជាជម្ងឺដែលមានអត្រាការពារខ្ពស់ជាងគេប្រសិនបើទទួលបានការពិនិត្យតាមដានត្រឹមត្រូវ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អត្រាស្លាប់នៃជម្ងឺនេះនៅកម្ពុជាមានរហូតដល់ ១ពាន់នាក់ក្នុងមួយឆ្នាំ ដោយសារកង្វះខាតការពិនិត្យ ការចាក់វ៉ាក់សាំង papillomavirus ​(HPV) ប្រឆាំងនឹងជម្ងឺមហារីកមាត់ស្បូនដល់ស្រ្តីទូទាំងប្រទេស។​

សណ្ឋាគារ ហៃយ៉ាត់ បានរួមសហការជាមួយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា រៀបចំកម្មវិធីសប្បុរសធម៌ ‘Let’s Give Back!’ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ ទី១២ ខែ​សីហា ដើម្បីមូលនិធិជួយដល់ដំណើរការពិនិត្យនិងធ្វើតេស្តជម្ងឺមហារីកមាត់ស្បូនអោយកាន់តែប្រសើរឡើង។ នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក លោក Travis Mitchell បានមានប្រសាសន៍ថា “ការធ្វើមូលនិធិសប្បុរសធម៌ជាគុណតម្លៃ និងជាទំនួលខុសត្រូវចម្បង​ក្នុងការផ្តល់ជូនដល់សង្គម និងសហគមន៍”។ ក្នុងឆ្នាំនេះ​ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជានឹងផ្ដល់អាទិភាពដល់សកម្មភាព​ទំនួលខុសត្រូវសង្គមអោយកាន់តែច្រើនជាងឆ្នាំមុនៗ។ សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធីសូមចូលទៅកាន់ដំណភ្ជាប់ https://amchamcambodia.glueup.com/event/lets-give-it-back-59773/

រាត្រីសប្បុរសធម៌ ‘Let’s Give Back!’ នឹងប្រព្រឹត្តិឡើងនៅសាលប្រជុំនៃសណ្ឋាគារ ហៃយ៉ាត់ កម្មវិធីទាំងមូលរួមមាន៖ ការទទួលទានអាហារសម្រន់ ភេសជ្ជៈ ការចាប់រង្វាន់ និងតន្ត្រី។ ថវិការដែលទទួលបានពីកម្មវិធីនេះ នឹងត្រូវបរិច្ចាគជូន មជ្ឍមណ្ឌលសុខភាព មេត្តា ករុណា កម្ពុជា ដើម្បីជួយដល់ការពិនិត្យនិងធ្វើតេស្តជម្ងឺមហារីកមាត់ស្បូនដែលនឹងដំណើរការនៅ ខែ​វិច្ឆិកា ឆ្នាំ២០២២ ដល់ស្រ្តីកម្ពុជា ៥00,000 នាក់ទទួលបានការធ្វើតេស្ត។

“មិនមានស្រ្តីណាម្នាក់គួរទទួលមរណភាពដោយសារជម្ងឺមហារីកមាត់ស្បូនឡើយ” នេះជាប្រសាសន៍របស់លោក Herman Kemp អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកបានបន្តទៀតថា “ដោយសារតែកង្វះខាតទើបធ្វើអោយជម្ងឺនេះនៅតែជាបញ្ហា ដែលត្រូវការដំណោះស្រាយដ៏ធំមួយនៅកម្ពុជា”។

អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា សម្រេចកំណត់យកជម្ងឺមហារីកមាត់ស្បូនជាអាទិភាពទី១ក្នុងការបង្ការជាច​ម្បង ជាមួយផែនការលុបបំបាត់អត្រាស្លាប់ដោយសារជម្ងឺនេះទាំង ស្រុងនៅ ឆ្នាំ២០៣០។

ការពិនិត្យនិងព្យាបាលជាគោលដៅដែលបានកំណត់យ៉ាងច្បាស់លាស់ពីក្រុមការងារផ្នែកមហារីកមាត់ស្បូនរបស់រាជរដ្ឋាភិបាល រួមជាមួយ ស្ថាប័នរដ្ឋ និងឯកជនដូចជា សកលវិទ្យាល័យ ពុទ្ធិសាស្រ្ត និងមជ្ឍមណ្ឌលសុខភាព មេត្តា ករុណា កម្ពុជា ដែលកំពុងចូលរួមទប់ស្កាត់ជម្ងឺមហារីក និងសង្គ្រោះជីវិតពីការទទួលមរណភាពដោយសារជម្ងឺនេះ។

ការធ្វើតេស្តមហារីកមាត់ស្បូន១ដងចំណាយពេលពី​៥ ទៅ ១៥នាទី និងទឹកប្រាក់ ១៥ដុល្លារ តែប៉ុណ្ណោះសម្រាប់ស្រ្តីម្នាក់។ លោកអ្នកក៏អាចធ្វើការបរិច្ចាគដោយផ្ទាល់ទៅកាន់ មជ្ឍមណ្ឌលសុខភាព មេត្តា ករុណា កម្ពុជា។ សម្រាប់ពត៌មានបន្ថែមអំពីការបរិច្ចាគសូមចូលទៅកាន់ https://mercymedcambodia.org/