រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំ «គោលនយោបាយស្ដីពីទេសចរពិសេស» ដែលជាគោលនយោបាយថ្មីគាំទ្រដល់កំណើនទេសចរនៅកម្ពុជា។គោលនយោបាយនេះ គឺដើម្បីទាក់ទាញលើកទឹកចិត្តភ្ញៀវទេសចរចូលរួមដល់ការវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងដើម្បីប្រែក្លាយទេសចរធម្មតាទៅជាទេសចរគុណភាព ជាអ្នកវិនិយោគ ឬធុរជនផង។
ថ្លែងក្នុងក្នុងសិក្ខាសាលាពិភាក្សាលើសេចក្ដីព្រាង «គោលនយោបាយស្ដីពីទេសចរណ៍ពិសេស» កាលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឲ្យដឹងថា គោលបំណងសំខាន់ៗនៃគោលនយោបាយស្ដីពីទេសចរពិសេស គឺដើម្បីបង្កើនការទាក់ទាញទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដូច្នេះទើបគោលនយោបាយស្ដីពីទេសចរពិសេសនេះក៏នឹងក្លាយជាយន្តការក្នុងការទាក់ទាញកំណើនទេសចរនាពេលខាងមុខ។លើសពីនេះ លោកថា គោលនយោបាយនេះ ក៏មានគោលបំណងប្រែក្លាយទេសចរណ៍ធម្មជាតិឱ្យចូលរួមក្នុងការវិនិយោគនៅកម្ពុជាដែរ។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៦លាននាក់ ភ្ញៀវទេសចរជាតិប្រមាណ១១លាននាក់ សរុបទាំងអស់ជិត២០លាននាក់ ទទួលបានចំណូលសេដ្ឋកិច្ចជាតិប្រមាណ៦លានដុល្លារអាមេរិក។ ក្នុងចំណោមទេសចរអន្តរជាតិ៦.៦លាននាក់នៅឆ្នាំ២០១៩នោះ មានទេសចរជាអ្នកវិនិយោគ/ធុរជនតែ១០ភាគរយទេ ដូច្នេះរាជរដ្ឋាភិបាលចង់បង្កើនបរិមាណទេសចរគុណភាពនេះឱ្យកើនឡើងថែមទៀត អាចថា២០-៣០ភាគរយនៃទេសចរអន្តរ។
ជាមួយនេះដែរ បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ខាងលើ ក៏បានបញ្ជាក់ថា ជាទូទៅ ភ្ញៀវទេសចរម្នាក់ចំណាយជាមធ្យម៧០០ទៅ៨០០ដុល្លារក្នុងដំណើរមកទស្សនាកម្ពុជា១លើក ប៉ុន្តែភ្ញៀវទេសចរគុណភាពអាចចំណាយចាប់ពី២០០០ទៅ៣០០០ដុល្លារក្នុងម្នាក់ ហើយមកញឹកញាប់ជាងទេសចរធម្មតាទៀត។
ហេតុនេះ តាមរយៈគោលនយោបាយទេសចរណ៍ពិសេសនេះដែរ ក៏នឹងជួយពង្រីកបរិមាណទេសចរគុណភាពថែមទៀត៕