មុននឹងក្លាយជាអ្នកនិពន្ធម្នាក់គឺទាមទារនៅចំណេះដឹងទូលំទូលាយ មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន មានការតាំងចិត្តមាំទើបអាចសម្រេចនៅគោលដៅនេះបាន។

ក្នុងអាជីពជាអ្នកនិពន្ធដែលទើបតែដុះពន្លកថ្មីៗគឺតែងតែចង់បាននៅការចែករំលែកពីរៀមច្បងមុនៗដើម្បីយកមកកែលម្អវិថីរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
កាលពីចុងសប្តាហ៍នេះ លោកស្រី ម៉ីសន សុធារី បានរៀបចំវេទិកាមួយប្រមូលផ្ដុំអ្នកនិពន្ធវ័យក្មេងជាច្រើនរូប រួមទាំងសិស្ស និស្សិតដែលមានបំណងចង់ដើរលើផ្លូវអ្នកនិពន្ធ។
ថ្លែងក្នុងពិធីនេះ លោកស្រីបានលើកឡើងថា ការបង្កើតកម្មវិធីនេះឡើងដើម្បីបើកឱកាសឱ្យអ្នកនិពន្ធជំនាន់ក្រោយមានពេលវេលាជំនួបគ្នា ដើម្បីពិភាក្សាពីបញ្ហាដែលជួបប្រទះ ចែករំលែកបទពិសោធន៍ ចែករំលែកនៅមោទនភាពដែលខ្លួនសម្រេចបាន ព្រមទាំងរកផ្លូវដោះស្រាយបញ្ហាផ្សេងៗ។

លោក ហួយ សារ៉ាត់ ជាអ្នកនិពន្ធមកពីខេត្តពោធិ៍សាត់បានលើកឡើងថា អ្នកនិពន្ធដែលទទួលបានជោគជ័យគឺចាប់បាច់ត្រូវដឹងពីតថភាពសង្គមដែលពួកគេកំពុងជួបប្រទះ ដែលមានអ្នកដឹងច្រើនផងដែរ។
លោកលើកជាឧទាហរណ៍ថា ករណីលោតទឹកនៅស្ពានជ្រោយចង្វារគឺមនុស្សទូទាំងប្រទេសបានដឹងនិងឮ ប្រសិនបើយើងនិពន្ធពីអត្តឃាតនៅស្ពាននេះប្រាកដជាមានការចាប់អារម្មណ៍ច្រើន។
ព្រហ្មចារីជារឿងប្រលោមលោក របស់លោកផ្ទាល់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្តអ្នកអាន ដោយហេតុអ្នកនិពន្ធជាមនុស្សប្រុស តែអាចសរសេរផ្ទៃរឿងបានយ៉ាងល្អ។
ជាការលើកទឹកចិត្តអ្នកនិពន្ធវ័យក្មេងរូបនះក៏បានលើកឡើងថា ក្នុងវិថីជីវិតជាអ្នកសរសេររឿងរបស់លោកគឺមិនទទួលបានការគាំទ្រពីគ្រួសារសោះឡើយ បូកផ្សំនឹងការរវល់ធ្វើការទៀតសោតលោកមិនសូវមានពេលគ្រប់គ្រាន់ដើម្បីសរសេររឿងនោះទេ។ តែទោះជាយ៉ាងនេះក្ដី លោកនៅតែតស៊ូមិនរាថយរហូតទទួលបានជោគជ័យសន្សឹមៗមកដល់ពេលបច្ចុប្បន្ន។

លោកសោម ដូរ៉េ អ្នកនិពន្ធទំនុកច្រៀងនិងអត្ថបទភាពយន្តបានចែករំលែកផងដែរថា សរសេររឿងចាំបាច់ណាស់ត្រូវដឹងពីទីផ្សារ ថាតើអ្នកមើល អ្នកអានចូលចិត្តអ្វី មិនចូលចិត្តអ្វី។ មួយវិញទៀត ចំណងជើងរឿងជា បញ្ហាសំខាន់ផងដែរ ចំណងជើងល្អទាក់ចិត្តអ្នកអាន។ អ្នកនិពន្ធត្រូវចេះវាយតម្លៃរឿងរបស់ខ្លួនថា តើរឿងនេះរសើបយ៉ាងណាចំពោះអ្នកអាន?
ក្នុងនេះដែរកញ្ញា ឈួន គីមហុង ជានិស្សិតទំនាក់ទំនងអន្តជាតិនៅសាលា UC បានលើកឡើងថា នាងសប្បាយចិត្តពេលមានវេទិកានេះកើតឡើង ព្រោះនាងចូលចិត្តការអាន។ ម្យ៉ាងពេលបានចូលស្ដាប់អ្នកនិពន្ធលើកឡើងពីបញ្ហាផ្សេងៗធ្វើឱ្យនាងយល់ច្បាស់ពីបញ្ហា ហើយធ្វើឱ្យនាងកាន់តែរឹងមាំមិនរាថយឡើងដោយជ្រើសរើសលំនាំតស៊ូរបស់អ្នកនិពន្ធដែលខ្លួនពេញចិត្តមកជាយូរ។
លោក ជា ហេងលាង មកពីមន្ទីវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា វេទិកានេះជាវេទិកាល្អមួយ ដោយលោកចូលរួមដើម្បីរៀនសូត្រពីជីវិតអ្នកនិពន្ធ ការសរសេរតែងរឿងបែបប្រលោមលោក ព្រមទាំងចង់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់អ្នកនិពន្ធវ័យក្មេងនេះផងដែរ។
គួររំលឹកផងដែរ អ្នកនិពន្ធដែលចូលរួមមានចាប់ពីអាយុ ១៥ ឆ្នាំឡើងទៅ ដែលពួកគាត់សុទ្ធតែមានឆន្ទៈក្នុងការតែងនិពន្ធរឿងបែបប្រលោមលោកផ្សេងៗ មានស្នេហា រឿងខ្មោចបែបភ័យរន្ធត់ រឿងបែបស៊ើបអង្កេតជាដើម៕



