សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថា ស្ពាន ឆ្លងពី តំបន់ជ្រោយចង្វា ទៅ ស្វាយជ្រំ គ្រោងដែលជាជំនួញរបស់ប្រទេសកូរ៉េ អាចនឹងចាប់ផ្ដើម ក្នុងពេលឆាប់ៗនេះ ដោយស្ពាន១នេះ អាចគ្រោងចំណាយ ចន្លោះ ៤០ទៅ ៥០ លានដុល្លារ ។ នេះបើតាមប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ ព្រឹកនេះ។
តាមប្រសាសន៍របស់ សម្តេច តេជោ ហ៊ុន សែន ស្ពាន១នេះ សម្ដេចនឹងស្នើជំរុញបន្ថែម ទៅ នាយករដ្ឋមន្ត្រីកូរ៉េ ដែលនឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជាឆាប់ៗនេះ។ សម្ដេចថា កូរ៉េបានផ្ដល់ប្រាក់កម្ចីក្នុងឆ្នាំ២០១៩- ២០២០នេះ មានចំនួនរហូតដល់ទៅ ៧០០ ដុល្លារឯណោះ អីចឹងត្រឹមដក៤០ទៅ ៥០ លានដុល្លារ មកសាងសង់ស្ពាននេះ គឺមិនមានបញ្ហានោះឡើយ។
សូមបញ្ជាក់ផងដែរ កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យសាធារណរដ្ឋកូរ៉េខាងត្បូងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ទុកជាចំណងដៃ ប៉ុន្តែបែបណាក្ដី គិតមកដល់ពេលនេះ ស្ពាននោះស្ថិតនៅការទន្ទឹងរង់ចាំ របស់ប្រជាជននៅឡើយ ។ ប្រសិនបើស្ពាន១នេះត្រូវបានសាងសង់ឡើងតាមផែនការគ្រោងទុកមែននោះ វានឹងជួយសម្រួលដល់ការធ្វើចរាចរណ៍ខ្លាំង ហើយប្រជាជនមានការសប្បាយចិត្តជាខ្លាំង ព្រោះរាល់ថ្ងៃនេះ ពួកគាត់ត្រូវឆ្លង ទូកដ សាឡាង ជាដើម អស់ប្រាក់ ជាច្រើនជារៀងរាល់ថ្ងៃ។ ទទឹមគ្នានោះដែរ ទីផ្សារអចលនទ្រព្យនឹងកាន់តែឡើងខ្លាំងថែមទៀត៕