យានយន្តដែលគ្មានធានារ៉ាប់រង អាចនឹងត្រូវផាកពិន័យជាប្រាក់ ចំនួនប៉ុន្មាន?

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុង​គ្រោង​នឹង​​ដាក់​អនុវត្ត​នូវ​គោលការណ៍​ថ្មី​គឺ ការ​ធានា​រ៉ាប់រង​យានយន្ត​ជា​កាតព្វកិច្ច លើ​គ្រប់​ប្រភេទ​យានយន្ត​ទាំង​អស់​ នៅ​ចុង​ឆ្នាំ​២០២២​នេះ។ ដូច្នេះ​ ប្រសិន​បើ​សេចក្តីសម្រេច​ថ្មី​នេះ​ចូល​ជា​ធរមាន​ នោះ​​រថយន្ត​ណា​ដែល​គ្មាន​ធានារ៉ាប់រង ​​ហើយ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ នោះ​នឹង​រង​ការ​ផាក​ពិន័យ​​​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ច្បាប់​ស្តីពី​​ការ​ធានារ៉ាប់រង ដែល​ចេញ​នៅ​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០១៤ ​​ត្រង់​មាត្រា​ ៩៧ បាន​ចែង​ថា បុគ្គល​ជា​ម្ចាស់​យានយន្ត​ដែល​មិន​មាន​ការ​ធានា​រ៉ាប់រង​ជា​កាតព្វកិច្ច​ស្រប​តាម​ច្បាប់​នេះ ​​ហើយ​ដែល​យាន​យន្ត​​ត្រូវ​បាន​យក​ទៅ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ថ្នល់​សាធារណៈ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១៥ ០០០ (ដប់ប្រាំពាន់) រៀល ទៅ ១ ៥០០ ០០០ (មួយលាន​ប្រាំសែន) រៀល និង​តម្រូវ​ឱ្យ​មាន​ការ​ធានា​រ៉ាប់រង។

និយ័តករធានារ៉ាប់រងកម្ពុជា ដែលជាអង្គភាពមួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់​​​​​បាន​​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ផង​ដែរ កាល​ពី​ថ្ងៃទី​២៧ ខែ​កក្កដា​ ឆ្នាំ​២០២២​​ ​​ដើម្បី​បក​ស្រាយ​ឱ្យ​សាធារណៈ​ជន​យល់​ថា ​​តាម​ពិត​ការ​ធានា​រ៉ាប់រង​យានយន្ត​ជា​កាតព្វកិច្ច ​​គឺ​ដើម្បី​​ជួយ​សម្រាល​បន្ទុក​សេដ្ឋកិច្ច​គ្រួសារ​​របស់​ប្រជាពលរដ្ឋ​​វិញ​ទេ ​​ព្រោះ​​​បើ​សិន​ជា​ករណី​​ម្ចាស់​យានយន្ត​មិន​មាន​ការ​ធានា​រ៉ាប់រង នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ ​​នោះ​រាល់​ការ​ចំណាយ ឬ​ការ​ខូច​ខាត​​នឹង​ត្រូវ​ប្រើ​ប្រាស់​ប្រាក់​សន្សំ​​របស់​ខ្លួន ឬ​អាច​ឈាន​ដល់​ការ​ខ្ចី​បុល​គេ​បន្ថែម​ទៀត។

សូមបញ្ជាក់​ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោង​នឹង​កំណត់​ឱ្យ​រថយន្ត​ឯកជន​គ្រប់​ប្រភេទ​ទាំង​អស់ ត្រូវ​តែ​មាន​ការ​ធានារ៉ាប់រង​​​​ជា​កាតព្វកិច្ច ដែល​អាច​នឹង​អនុវត្ត​ជា​ផ្លូវការ​ ចាប់ពី​ឆ្នាំ​២០២២​នេះ​តទៅ​តែ​ម្តង។ នេះ​បើ​តាម​ប្រសាសន៍​របស់​ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវាហិរញ្ញវត្ថុមិនមែនធនាគារ បាន​ថ្លែង​ក្នុង​ឱកាស​ចូល​រួម​ក្នុង​ទិវា​ធានារ៉ាប់រង កាល​ពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២៕