រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សាការងារជាមួយអ្នកដំណាងអាជីវករផ្សារអូរឫស្សី ចំនួន ៥រូប ដែលមានការសម្របសម្រួលពីលោក កើត ឆែ អភិបាលរង និង លោកនួន ផារ័ត្ន អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំ អាជីវករផ្សារឫស្សី បានស្នើសុំ ០៤ ចំណុច៖ ១/ កំណត់អាណត្តិ ២០ឆ្នាំបបន្តទៀត ២/ ផ្តល់ប័ណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន ៣/ ស្នើសុំបង់ត្រឹម ៥០% នៃតម្លៃអាណត្តិចាស់ និង ៤ ស្នើឱ្យមានការជួសជុលផ្សារនាឆ្នាំ២០២៣ខាងមុខ ដោយជួសជុលតាមប្លុក បន្ទាប់ពី បង់អាណត្តិថ្មីរួច។
ការស្នើសុំបែបនេះពីអាជីវករផ្សារអូរឫស្សី ដោយសារស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ ជាសកល បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការប្រកបរបរអាជីវកម្មផ្សេងៗ បណ្តាលឱ្យ ការលក់ដូរក្នុងផ្សារអូរឫស្សីមានការធ្លាក់ចុះ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តម្លៃនៃការបង់ រយៈពេល ២០ឆ្នាំ គឺជាតម្លៃកាលពី២០ឆ្នាំមុន ដែលធ្លាប់បានបង់រួចហើយ។ ចំពោះតម្លៃ ប្រសិនចែកជាប្រចាំឆ្នាំ ចំពោះប្រភេទតូប/ស្តង់តម្លៃខ្ពស់បំផុត មានតម្លៃ ៣៣០០ ដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំ, បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់ គឺចំនួន ១៦៥ ដុល្លារ/ឆ្នាំ។
ដោយឡែក សម្រាប់តម្លៃទាបបំផុតគឺចំនួន ១,៩៨០ ដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ, បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលបង់គឺចំនួន ៩៩ ដុល្លារ/ឆ្នាំ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះតម្លៃ និងកម្មសិទ្ធិ អាជីវករអាចបន្ត ការលក់ដូររហូតតកូនតចៅក្នុងអំឡុងពេលអាណត្តិនៃកិច្ចសន្យា ហើយក៏អាចផ្ទេរសិទ្ធិ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល ទៅកូនចៅ ឬអ្នកដទៃបាន។
ចំពោះសំណើរបស់អាជីវករ ស្នើសុំកំណត់អាណត្តិបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យនៅជាប្រក្រតី រយៈពេល ២០ឆ្នាំបន្តទៀត។ ហើយចំពោះអាណត្តិថ្មី នៃកិច្ចសន្យា គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០៤២។ ការបង់ប្រាក់សម្រាប់អាណត្តិថ្មី នៃកិច្ចសន្យាអាជីវករអាចធ្វើការបង់ទៅតាមលទ្ធភាពជាក់ស្តែង ដូចជា៖ ជម្រើសទី១ ៖ បង់ប្រាក់ ០១ លើក សម្រាប់អាណត្តិរយៈពេល ២០ ឆ្នាំ និងជម្រើសទី២ ៖ បង់ប្រាក់ ០២លើក សម្រាប់អាណត្តិរយៈពេល ២០ ឆ្នាំ ដោយបង់ ១០ ឆ្នាំ ម្តង ជម្រើសទី៣៖ បង់ប្រាក់ ០៤ លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ ដោយបង់០៥ ឆ្នាំ ម្ម្តង។
គួររំលឹកថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ អាជីវកនៅផ្សារអូរឬស្សីរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា នៅមុខស្នាក់ការផ្សារ ដើម្បីស្នើរសុំដល់អាជ្ញាធរគ្រប់គ្រងផ្សារ ចំនួន៣ចំណុច ទី១ សុំកែរពីពាក្យ បង់ថ្លៃជួលតូប មកជាពាក្យបន្តបង់តប័ណ្ណកម្មសិទ្ធិជូនដល់អាជីវករ ដោយមិនប្រើពាក្យថាជួល ទី២សុំបញ្ចុះ និង ទី៣ សុំពន្យាពេលការបង់បន្តថ្លៃកម្មសិទ្ធរហូតដល់ចុងឆ្នាំ២០២២៕