នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន១៨គ្រួសារ ដែលរស់នៅលើដីចំណីផ្លូវ ក្នុងក្រុងក្រចេះ បានចាប់ឆ្នោតទទួលយកដី ដោយមួយគ្រួសារទទួលបានដីទំហំ ៨ x ២០ ម៉ែត្រ ដែលជាអំណោយថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។

តាមការបញ្ជាក់ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទនេះ លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានអញ្ជេីញចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន ១៨គ្រួសារ ដែលសព្វថ្ងៃរស់នៅលើដីចំណីផ្លូវ ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។ ដីខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ហើយលោកចំណាយថវិកាផ្ទាល់ខ្លួនទិញជូនបងប្អូន ដោយ ១គ្រួសារ ទទួលបាន ៨x២០ម៉ែត្រ។ ដីនេះដែរ មានទីតាំងជាប់អនុវិទ្យាល័យ ហ៊ុន សែន កាប៉ូ និងជាប់ផ្លូវជាតិលេខ ៧ ស្ថិតនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

សូមបញ្ជាក់ថា លោក វ៉ា ថន ទទួលបានការតែងតាំងជាអភិបាលខេត្តក្រចេះ តាំងពីឆ្នាំ២០១៨ ជំនួសលោក សរ ចំរុង ដែលចូលនិវត្តន៍។ លោក វ៉ា ថន គឺជាអតីតអភិបាលស្រុកព្រែកប្រសព្វ ក្រោយមកបានឡើងទៅជាអភិបាលរងខេត្ត មុនឡើងជាអភិបាលខេត្ត។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតក្នុងខេត្តក្រចេះ និងព្រៃវែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចទើបតែដឹងថា វ៉ា ថន ត្រូវជាក្មួយប្រសាររបស់សម្តេច បន្ទាប់ពីឡើងកាន់តំណែងជាអភិបាលខេត្តបានប៉ុន្មានខែក្រោយមក ព្រោះម្តាយក្មេក វ៉ា ថន ជាបងប្អូនជីដូនមួយរបស់សម្តេច។ សម្តេចបានបន្តថា ការឡើងតំណែងនេះ មិនមែនបក្ខពួកនិយមទេ ព្រោះលោក វ៉ា ថន ធ្វើអភិបាលខេត្តបានប្រហែល៤ខែ ទើបដឹងថាជាក្មួយប្រសារ៕

