លោក ឌី អ៊ីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែបានឲ្យដឹងថា រយៈពេល ៦ ខែដើមឆ្នាំ២០២២ នេះ រដ្ឋទទួលបានចំណូលពីធនធានរ៉ែចំនួន ២០.២ លានដុល្លារ។ ដោយឡែកឆ្នាំ ២០២១ រដ្ឋទទួលបាន ៣៥.៣ លានពីធនធានរ៉ែ។
ក្នុងសន្និសីទវឌ្ឍនភាពរយៈពេល ៥ ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពលនៅព្រឹកនេះ បើតាមលោក អឹង ឌីប៉ូឡា ក្រសួងបានផ្តល់អាជ្ញាប័ណ្ណដល់អាជីវកម្មរ៉ែមានចំនួន ៤៧៨ កន្លែង។
ក្រៅពីចំណូលដែលសម្បទានិកបានបង់តាមរបបស្វ័យប្រកាស ក្រសួងរ៉ែនិងថាមពល បានចុះត្រួតពិនិត្យភាពអនុលោម និងផ្ទៀងផ្ទាត់បរិមាណផលិតកម្មដោយប្រមូលចំណូលបន្ថែមក្នុងរយៈ ពេល ៣ ឆ្នាំ (២០២០ ដល់ ២០២២) ចំនួន ៦ ១៥៨ ៣១៧,៦២ ដុល្លារអាមេរិក និងផាកពិន័យចំនួន ៤៦ ៦៦០,៥៧ ដុល្លារអាមេរិក។
គួរបញ្ជាក់ថា រយៈពេល ៥ ឆ្នាំនេះ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២) ក្រសួងរ៉ែ និងថាមពល សម្រេចបាននូវសមិទ្ធផលធំៗក្នុងវិស័យរ៉ែដូចជា ការដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៣ បន្ថែមទៀត និងការដាក់ឱ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសខ្នាតឧស្សាហកម្មចំនួន ០១ គឺក្រុមហ៊ុន Renaissance Minerals (Cambodia) Limited។
ជាមួយគ្នានេះ បានធានានិរន្តរភាពនូវការផ្គត់ផ្គង់វត្ថុធាតុដើមរ៉ែសំណង់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់នានា ការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិកម្ពុជា ការកសាងផែនទីគីមី ភូគព្ភសាស្រ្តដង់ស៊ីតេកម្រិតទាបមាត្រដ្ឋាន ១/១ ០០០ ០០០ បានចំនួន ៧១ ផ្ទាំង និងការកសាងផែនទីវារី ភូគព្ភសាស្ត្រនិង ភូគព្ភសាស្ត្រសមុទ្រ៕