ក្រសួងរ៉ែ និងថាមពល បានបន្តអះអាងជាថ្មីអំពីសំណុំរឿងបាត់ប្រេងជាង៣០ម៉ឺនបារ៉ែលនាពេលកន្លងមក ដោយបញ្ជាក់ថា មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយរបស់មន្ត្រីកម្ពុជាឡើយ។ នេះបើតាមការលើកឡើងរបស់ មន្រ្តីជាន់ខ្ពស់ ក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២២។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននោះ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិកាក្រសួងរ៉ែ ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត បានឱ្យដឹងថា មន្ត្រីទាំងអស់ដែលទទួលបន្ទុកក្នុងសំណុំរឿងបាត់ប្រេងជាង៣០ម៉ឺនបារ៉ែលនេះមិនមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ រឺឃុបឃិតគ្នាដើម្បីផលប្រយោជន៍បុគ្គលណាមួយឡើយ។
លោកបានបន្តថា វាជារឿងអកុសលដែលក្រុមហ៊ុនកប៉ាល់ដឹកប្រេងឈ្មោះថា MT Strovolous លួចដឹកប្រេងចេញពីដែនទឹកកម្ពុជាក្រោមហេតុផលបញ្ហាអាកាសធាតុ បន្ទាប់ពីក្រុមហ៊ុនរុករកប្រេងឈ្មោះKris Energyមិនបានទូទាត់សំណងមកឱ្យខ្លួន។
តែយ៉ាងណា លោកក៏បានបញ្ជាក់ថា ដំណើរការ នៃការនាំប្រេង ដែលបានបាត់បង់យកមកវិញ កំពុងស្ថិតក្នុងផលវិជ្ជមានផងដែរ។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែរូបនេះ បន្តថា បន្ទាប់ពីកប៉ាល់ដឹកប្រេងទៅបាត់ ភាគីកម្ពុជា ក៏បានប្រើប្រាស់យន្តការចរចារតាមច្បាប់អន្តរជាតិ និងគោលការណ៍ពាណិជ្ជកម្មជាមួយប្រទេសជាប់ពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណានាំប្រេងមកកម្ពុជាវិញ និងធានាបាននូវផលប្រយោជន៍របស់ជាតិផងដែរ។
សូមបញ្ជាក់ដែរថា សព្វថ្ងៃនេះ កម្ពុជាក៏កំពុងស្វែងរកក្រុមហ៊ុនវិនិយោគពីបរទេស ដើម្បីចុះកិច្ចព្រមព្រៀងពិនិត្យលទ្ធភាពលើការបូមប្រេងបន្ថែមទៀតនៅក្នុងប្លុកចំនួន៤របស់កម្ពុជាដែលមិនទាន់មានដំណើរការ។ ខណៈប្លុកA និងB មានក្រុមហ៊ុនចំនួន២ បានចុះកិច្ចព្រមព្រៀងដើម្បីសិក្សាលម្អិតអំពីលទ្ធភាពវិនិយោគ៕