ហាណូយ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបនេះលោក ហ៊ុន ម៉ាណែត បានជម្រាបជូនលោក ង្វៀន សួនហ្វ៊ុក អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក ហើយឆ្លងតាមជំនួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោក ហ៊ុន ម៉ាណែត ក៏បានស្នើសុំប្រធានរដ្ឋ ផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។
ជាការឆ្លើយតប ប្រធានរដ្ឋ នៃសាធារណសង្គមនិយមវៀតណាម បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបានគូសបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះទិសដៅដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សា និងលើកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ព្រមជាមួយនឹងការរួមគ្នាសំលឹងមើលសក្តានុពលថ្មីៗបន្ថែមទៀតសម្រាប់ពេលអនាគត។
ជាងនេះទៀត លោកប្រធានរដ្ឋ ក៏បានកោតសរសើរអំពីស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ចហួសពីការរំពឹកទុកក្នុងរយៈពេល ០៦ ខែដើមឆ្នាំនេះ ទោះបីជាកន្លងមកទទួលរងប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ និងបានបញ្ជាក់ផងដែរថា ប្រទេសវៀតណាម នៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងនាមជាអ្នកជិតខាងល្អជានិច្ច។
ក្នុងឱកាសនោះដែរ លោក ង្វៀន សួនហ្វ៊ុក ក៏បានសម្តែងនូវការអបអរសាទរ និងការគាំទ្រផងដែរចំពោះ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជាលើកទី៤៣ បោះឆ្នោតជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ។