ថ្មីៗនេះ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំអតីតសិស្សសាលាបាក់ទូកចុះទៅសួរសុខទុក្ខអ្នកគ្រូនៃសាលាបាក់ទូកចំនួន ០២ នាក់ ដែលចូលនិវត្តនិងមានជំងឺប្រចាំកាយ ដោយនាំយកថវិកា អាហារនិងរបស់របរប្រើប្រាស់មួយចំនួនទៀត។
អ្វីដែលភ្ញាក់ផ្អើលមិននឹកស្មានដល់ គឺផ្ទះអ្នកគ្រូម្នាក់ដែលមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខគឺជាផ្ទះដែលលោកធ្លាប់រស់នៅកាលពីជាង ៣០ ឆ្នាំមុននៅពេលដែលលោកទើបរៀបការថ្មីៗ។


លោក រ័ត្ន ស៊្រាង បានរំលឹកថា ផ្ទះជាន់ទី១នេះហើយ ជាផ្ទះដែលលោកបានប្រជ្រៀតគ្នារស់នៅជាមួយភរិយា ព្រមទាំងសាច់ថ្លៃ និងឪពុកម្តាយក្មេក រហូតបានកូនប្រុសទី១។
លោកបានបន្តថា ក្រោយថ្នាក់លើផ្លាស់ប្តូរឲ្យទៅបំពេញការងារនៅតាមព្រំដែនវៀតណាម និងព្រំដែនថៃ លោក និងភរិយាព្រមទាំងកូន ក៏បានចាកចេញពីផ្ទះដ៏កំសត់នេះ ទៅរស់នៅតាមតម្រូវការការងារ ហើយផ្ទះនេះក៏ត្រូវបានម្តាយក្មេកដាក់លក់បន្តគ្នា រហូតបានមកជាកម្មសិទ្ធិអ្នកគ្រូ ថាយ ឈីវ តែម្តង។
លោកបានឲ្យដឹងពីមនោសញ្ជេតនា នៅពេលបានឃើញផ្ទះអ្នកគ្រូ ថាយ ឈីវ នាពេលនេះបានធ្វើឲ្យលោកនឹកស្រណោះដល់ថ្ងៃចាប់ដៃកសាងជីវិតជាមួយភរិយា និងធ្លាប់រស់នៅក្នុងផ្ទះកម្សត់កម្រនេះជាមួយគ្នា តាំងពីនៅបាតដៃទទេ រហូតរើចេញ ទើបត្រឡប់មកវិញម្តងទៀតក្នុងថ្ងៃនេះ បើទោះបីជាស្ថានភាពខ្លះនៃផ្ទះត្រូវបានផ្លាស់ប្តូរ តែមនោសញ្ចេតនារបស់លោក ដែលដិតដាមជាមួយផ្ទះនេះ គឺនៅតែជ្រាលជ្រៅដដែល។
អ្នកគ្រូ ថាយ ឈីវ អតីតជាគ្រូបង្រៀននៅសាលាបាក់ទូកបានចូលនិវត្តន៍ ហើយបច្ចុប្បន្នចាស់ជរានិងមានជំងឺ ទៅណាពុំរួចសម្រាកនៅតែផ្ទះ។ ដោយឡែកអ្នកគ្រូ អៀង សុជាតិ ក៏បានចូលនិវត្តន៍ដូចគ្នា ចាស់ជរាជួបការលំបាកនិងមានជំងឺប្រចាំកាយលើសឈាម សម្រាកនៅផ្ទះដូចអ្នកគ្រូ ថាយ ឈីវ ផងដែរ។

គួរបញ្ជាក់ថា រយៈពេលជាង ៣០ ឆ្នាំមកដែលលោករ័ត្ន ស្រ៊ាង បានចាកចេញពីភ្នំពេញ ទៅបំពេញការងារនៅឯខេត្តជាប់ព្រំដែនវៀតណាម និងថៃ គឺលោកមិនដែលសូវបានជួបមុខអតីតមិត្តរួមជំនាន់សាលាបាក់ទូក ក៏ដូចជាអតីតលោកគ្រូអ្នកគ្រូនោះទេ។
បន្ទាប់ពីលោកបានផ្លាស់ប្តូរពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកបំពេញការងារជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ លោកក៏បានស្វះស្វែងរកជួបមិត្តភក្តិនិងអតីតលោកគ្រូអ្នកគ្រូ និងបានចងក្រងជាក្រុម ក្នុងបណ្តាញទំនាក់ទំនងសង្គម WhatsApp ជាច្រើនរយនាក់ ដើម្បីបានធ្វើការទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា ជួយគ្នាទៅវិញទៅមក ជួយដល់អតីតលោកគ្រូអ្នកគ្រូ ជាពិសេសគឺបានរួមគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលនានាជាច្រើន ក្នុងសាលាដែលពួកខ្លួនធ្លាប់រៀនជាមួយគ្នា រហូតក្លាយទៅជាវប្បធម៌សាមគ្គីមួយ ជួយគ្នាគ្រប់ពេលមានទុក្ខលំបាក ជាគំរូដល់អ្នកជំនាន់ក្រោយផងដែរ៕