ពូ ឃ្លាំង តារាចម្រៀងរ៉េប និងចូលចិត្តបទញាក់កន្ត្រាក់អារម្មណ៍សប្បាយៗ ហៅថា “DJ ឃ្លាំង” បានបង្ហើបឱ្យដឹងថា កាលចេញច្រៀង Concert តាមខេត្តលើកដំបូង ជាមួយដៃគូលោក សាន ផានិត រយៈពេល ១០ឆ្នាំមុន លោកហ៊ានលោតពីលើឆាកស្តែងៗទៅកាន់ទស្សនិកជន ទាំងមិនបានគិតពីគ្រោះថ្នាក់ ដោយសារតែអារម្មណ៍រំភើបពុះកញ្ជ្រោលខ្លាំងពេក។

ម្ចាស់បទ “ជួយថែសិល្បៈដូនតា” រូបនេះ បានថ្លែងក្នុងបទសម្ភាសន៍កម្មវិធី 3Fun ថា៖ “សឹងតែមកដល់សព្វថ្ងៃនេះ មិនទាន់ឃើញស្រុកខ្មែរយើង នរណាហ៊ានធ្វើបែបនោះទេ។ តើបងប្អូនដែលឃើញ តារាស្រុកខ្មែរណា ហក់ពីលើឆាកទៅក្រោម ហើយអ្នកគាំទ្ររុញមកវិញដែរទេ? កាល១០ឆ្នាំមុន ខ្ញុំធ្វើអញ្ចឹង។ វីដេអូមាននៅក្នុង YouTube យើងអាចដាក់មើល។ ពីដំបូងខ្ញុំចង់សាក ព្រោះឃើញស្រុកគេអ្នកល្បីគេលើក ដល់ពេលលោក មិនដឹងធ្វើម៉េច គឺចង់លោតដែរ ដោយផ្តេកខ្លួនទៅ ដូចហោះមែន ហើយគេរុញយើងឡើងលើឆាកវិញ។ ប៉ុន្តែពេលហ្នឹង ដូចគេហៅថាគ្រូចូល ដោយសារតែអារម្មណ៍វារំភើបពេក”។

គួររំឭកថា DJ ឃ្លាំង ជាតារាចម្រៀងរ៉េបដ៏ល្បីល្បាញមួយរូបនៅកម្ពុជា កាលពីជាងមួយទសវត្សរ៍មុន ប៉ុន្តែក្រោយមក លោកបានបាត់មុខពីសិល្បៈអស់រយៈពេល១០ឆ្នាំ ដោយសារតែមានភារកិច្ចជួយគ្រួសារក្នុងការប្រកបមុខជំនួញ។ ទោះយ៉ាងណា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសខួបកំណើតកូនប្រុសរបស់លោក អាយុ៦ឆ្នាំ ពូឃ្លាំង បានប្រកាសវិលត្រឡប់មកចូលក្នុងវិថីសិល្បៈវិញ ខណៈដែលភរិយា និងកូនរបស់លោក ក៏គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តនេះ។ DJ ឃ្លាំង ទើបតែចេញបទថ្មីចំនួន ២បទ ដែលមានចំណងជើងថា “3 Some” និង “គ្រលាស់” ផងដែរ៕



សូមទស្សនាវីដេអូខាងក្រោម៖