ថវិកាប្រមាណ ១៦៣លានដុល្លារ ប្រទេសហូឡង់ ត្រៀមផ្តល់ឱ្យវិស័យឯកជនដែលធ្វើអាជីវកម្មជួយដល់បរិស្ថាន

សង្គម​ និង​សេដ្ឋកិច្ច

មូលនិធីហូឡង់ នៃប្រទេសហូឡង់ សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៍ ហៅកាត់ថា DFCD បានប្រកាសផ្តល់ថវិកាប្រមាណ ១៦០លានអឺរ៉ូ ឬស្មើនឹង ១៦៣លានដុល្លារអាមេរិក សម្រាប់ការវិនិយោគ របស់វិស័យឯកជននៅក្នុងគម្រោងនានា ក្នុងគោលបំណងបន្ធូរបន្ថយ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដើម្បីឱ្យវិស័យ ឯកជន ចូលរួមចំណែក ក្នុងការដោះស្រាយ និងប្រឆាំងទៅការប្រែប្រួលអាកាសធាតុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសិក្ខាសាលាស្តីពីព្រឹត្តិកាណ៍ផ្គូរផ្គងរបស់គម្រោង DFCD នាថ្ងៃទី១០ ខែសីហានេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា ចូលរួមកាត់បន្ថយភាពក្រីក្រ បង្កើនជីវភាព និងជួយដល់សេដ្ឋកិច្ចជាតិ ដោយសារតែ គម្រោងនេះមានគោលដៅជួយដល់វិស័យកសិកម្ម ដែលធន់ជាមួយនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យពួកគេមានលទ្ធភាពទទួលបានទុន ពង្រីកផលិតកម្មរបស់ខ្លួន ដើម្បីនាំចេញ។

លោកថា ក្រសួងពាណិជ្ជកម្មចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ការធ្វើពាណិជ្ជករ ដែលគាំទ្រដល់បរិស្ថាន និងការពារការប្រែប្រួលអាកាសធាតុ ខណៈក្រុមហ៊ុនដែលធ្វើអាជីវកម្ម ដែលគិតពីបញ្ហាបរិស្ថាននៅមានតិចនៅឡើយ។

ជាមួយគ្នានេះដែរ លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា គម្រោងដែលចូលរួមពង្រឹងសមត្ថភាព សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាគម្រោងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ គម្រោងអភិរក្សព្រៃឈើ គម្រោងកសិឧស្សាហកម្មដែលមាននិរន្តភាព គឺសុទ្ធតែជាគម្រោងដែលមានសក្តានុពលខ្ពស់ ដែលអាចដាក់សំណើ និងចូលរួមអនុវត្តក្នុងគម្រោងនេះ ដើម្បីចូលចំណែកជួយដល់សេដ្ឋកិច្ចសង្គម បង្កើតការងារ ការផ្ទេរបច្ចេកវិទ្យា និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាមូលហេតុនៃការប្រែប្រួលអាកាសធាតុ។

ទោះជាបែបនេះក្តី លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា លទ្ធភាពរបស់វិស័យឯកជននៅកម្ពុជា នៅក្នុងការទទួលថវិកាពីបានគម្រោងនេះអាចនឹងពិបាក។ ហេតុនេះ លោកលើកទឹកចិត្តឱ្យក្រុមហ៊ុន ដែលវិនិយោគលើវិស័យកសិកម្ម និងវិស័យផ្សេងទៀតគួររួមគ្នា និងសហការជាមួយក្រសួងពាក់ព័ន្ធរួមមាន ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើគម្រោងមួយក្នុងការទទួលបានមូលនិធិនេះ ព្រោះបើក្រុមហ៊ុនតែមួយ ដាក់ស្នើគម្រោងនេះ អាចនឹងពិបាកទទួលបាន៕