នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខា ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម ណុប រតនា ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
ព្រះរាជក្រឹត្យលេខ នស/រកត/០៨២២/៩២៧ នេះដដែល ក៏បានតែងតាំង និងផ្តល់ឋានៈ មន្ត្រីជាន់ខ្ពស់ចំនួន ៨ រូបផ្សេងទៀត ជាជំនួយការសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្នផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត ណុប រតនា មានតួនាទីជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ។ សម្រាប់តួនាទីក្នុងបក្ស លោកគឺជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា៕