ក្រសួងរ៉ែថា និងថាមពលបាន អះអាងថា រាល់ការអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួនចូលបូមខ្សាច់នៅក្នុងទន្លេ គឺក្រសួងបានបានសិក្សាលម្អិត រួចរាល់ហើយ ទើបសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុមទាំងអស់ចូលបូម។ទន្ទឹមគ្នានេះ ក្រសួងរ៉ែ លើកឡើងថា ការបូមខ្សាច់គឺជួយទប់ស្កាត់កុំឱ្យបាក់ច្រាំងទន្លេ និងសម្រួលដល់ចរន្តដឹកទំនិញរបស់កប៉ាល់ធំ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសន្និសីទនោះ លោក អឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល បានឲ្យដឹងថា មុននឹងឈានដល់ការផ្តល់អាជ្ញាប័ណ្ណ ក្រសួងបានសិក្សាលម្អិត និងគ្រប់ជ្រុងជ្រោយនូវផលប៉ះពាល់រួចរាល់ហើយ ទើបសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុមទាំងអស់ចូលបូម។ហេតុនេះ ការអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួនចូលបូមខ្សាច់នៅក្នុងទន្លេ គឺជាយន្តការដើម្បីការពារកុំឱ្យបាក់ច្រាំងទន្លេ និងដើម្បីពង្រើកជម្រៅនៃទន្លេ សម្រាប់បង្កភាពងាយស្រួលដល់ការដឹកជញ្ចូនទំនិញរបស់កប៉ាល់ធំៗ។
ក្នុងរបាយការណ៍ចំហរមួយរបស់ក្រសួងរ៉ែនិងថាមពល ក៏បានបង្ហាញឱ្យឃើញដែរថា អាជីវកម្មបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ កំពុងគ្រប់ដណ្តប់លើផ្ទៃទន្លេ និងស្ទឹង ចំនួនជាង២០០០ហិកតា រឺស្មើប្រមាណ៣%។ ជុំវិញទំហំអាជីវកម្មនេះ មន្រ្តីជាន់ខ្ពស់ខាងលើ អះអាងថា បរិមាណនេះស្ថិតនៅទំហំតូច និងមិនបានបង្កផលប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ និងសង្គមនោះទេ។
យ៉ាងណា លោកថា ក្នុងន័យដែលថា ការបូមខ្សាច់នឹងបង្កឱ្យមានការបាក់ច្រាំងទន្លេ នោះប្រាកដជាអាចនឹងកើតមាន ប្រសិនបើក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួង ធ្វើការអនុវត្តមិនស្របតាមគោលការណ៍ និងលក្ខខណ្ឌដែលក្រសួងបានកំណត់ប៉ុណ្ណោះ។
បើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល កាលពីដើមឆ្នាំ២០២១កន្លងទៅ ក្រសួង ធ្លាប់បានប្រកាសដេញថ្លៃទីតាំងអាជីវកម្មខ្សាច់៧ទីតាំង នៅក្នុងខេត្តកោះកុងនិងព្រះសីហនុ ដែលមានទំហំជាង ២០០០ហិកតា។ ក្នុងនោះ ក្រសួងរ៉ែ បានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់គ្រប់ប្រភេទជាង ១០០អាជ្ញាប័ណ្ណនៅទូទាំងប្រទេស។ ដោយឡែក កាលឆ្នាំ ២០២០ កម្ពុជារកចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានជាងប្រមាណ ២០លានដុល្លារផងដែរ៕