មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង ដែលស្ថិតនៅលើផ្ទៃដីសរុប ១០,៤ហិកតា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមាន រដ្ឋមន្ដ្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម វេង សាខុន បានលើកឡើងថា ការកសាងមជ្ឈមណ្ឌលនេះ ស្របពេលដែលរដ្ឋបាលជលផលត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មនៅភូមិភាគឦសានមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌល គិរី រតនគិរី និងខេត្តព្រះវិហារ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦- ២០៣០ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ផងដែរ។
ឯកឧត្តម ជឿជាក់ថា មណ្ឌលនេះនឹងបំពេញតួនាទីជាសេនាធិការផ្សព្វផ្សាយបច្ចេកទេស និងពូជវារីសត្វរបស់រដ្ឋបាលជលផលថ្នាក់តំបន់ក្នុងភូមិភាគឦសាន ហើយរំពឹងថានាពេលអនាគតដ៏ខ្លីអនុវិស័យវារីវប្បកម្មនៅតំបន់នេះនឹងមានការអភិវឌ្ឍបានដល់គ្រប់មូលដ្ឋាន និងធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិចនឹងត្រូវបានលើក កម្ពស់ឲ្យកាន់តែល្អប្រសើរជាលំដាប់ និងរក្សា ការពារ និងបង្កើតពូជត្រីកម្រ និងជិតផុតពូជឲ្យមានក្នុងអាង បឹង ស្ទឹង និងទន្លេ នៅទូទាំងតំបន់នេះឡើងវិញ។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែងនេះ ចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងែទី២៧ ខែកញ្ញា ឆ្នាំ២០២១ ។មជ្ឈមណ្ឌលនេះ បានសាងសង់ឡើង នៅលើផ្ទៃដីសរុប ១០,៤ហត ចំណាយថវិកាសរុបចំនួន ១ ៧៥០ ២៥២ដុល្លារអាមេរិក។
មជ្ឈមណ្ឌលនេះមានស្រះសរុបចំនួន ២៤ ក្នុងនោះ៖ ស្រះស្តុកទឹកធំ ១ ស្រះកូនត្រី ១២ ស្រះបំប៉នត្រីសាច់ ៤ ស្រះត្រីមេពូជ ៦ ស្រះចម្រោះទឹកកខ្វក់ និងផ្ទុកកាកសំណល់ ១ និងមានប្រព័ន្ធប្រឡាយបញ្ចេញ-បញ្ចូលទឺក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មាន អគារសម្រាប់ការងារពិសោធន៍ស្រាវជ្រាវ បណ្តុះបណ្តាល ការិយាល័យ បណ្ណាល័យ អាងបង្កាត់-ភ្ញាស់ និងថែបំប៉នកូនត្រីពូជ ៦ អគារស្នាក់នៅមន្ត្រីរាជការ និស្សិត និងកម្មករ ឃ្លាំងស្តុកសម្ភារ ចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និងបណ្តាញអគ្គិសនី ចំណតរថយន្ត របង រោងយាម និងអណ្តូងទឹកស្អាត។ មជ្ឈមណ្ឌលមានការិយាល័យចំនួន៣ គឺការិយាល័យរដ្ឋបាល ការិយាល័យបច្ចេកទេសវារីវប្បកម្ម និងការិយាល័យស្រាវជ្រាវនិងមន្ទីរពិសោធន៍៕



