អគារថ្មីកម្ពស់ ១៨ ជាន់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចតយានយន្តទំនើបមុនគេ។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឲ្យដឹងថា អគារទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មី អាចនិយាយថាជាអគាររបស់រដ្ឋមុនគេនឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចំណតទំនើប សម្រាប់សម្រួលការចតយានយន្តផ្សេងៗបន្ថយភាពកកស្ទះ និងការចតរញ៉េរញ៉ៃ។

លោកបន្តថា អគារទីស្ដីការថ្មីដែលកំពុងសាងសង់មានកម្ពស់ ១៨ ជាន់ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់មន្ត្រីរាជការក្រោមឱវាទអំពីបញ្ហាកន្លែងធ្វើការប្រចាំថ្ងៃ ក៏ដូចជាបង្កភាពងាយស្រួលជាងមុន ក្នុងការបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឬធុរជន។
អគារទីស្ដីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មី ដែលកំពុងដំណើរការសាងសង់គ្រោងបញ្ចប់ក្នុងពេលឆាប់ៗនេះ មានទីតាំងស្ថិតនៅបណ្ដោយមហាវិថីព្រះនរោត្តម។ អគារនេះមានកម្ពស់រហូតដល់ ១៨ ជាន់ បានបើកការដ្ឋានកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ ជាសំណង់អគាររដ្ឋខ្ពស់ជាងគេមួយ បើធៀបជាមួយក្រសួងផ្សេងៗទៀត ហើយក៏ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញផងដែរ៕
