គណៈរដ្ឋមន្ត្រី ជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអង្គការនីតិប្រតិបត្តិ និងមានសមត្ថកិច្ចជាអ្នកអនុវត្តនយោបាយរបស់រដ្ឋ ធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ។ សមាជិកនៃរាជរដ្ឋាភិបាល មាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល ត្រូវទទួលបានប្រាក់បំណាច់មុខងារ (ប្រាក់ខែ) ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
យោងអនុក្រឹត្យលេខ ២៧៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ប្រាក់បំណាច់មុខងាររបស់សមាជិករាជរដ្ឋាភិបាល គឺមិនទាន់ទទួលបានច្រើនប៉ុន្មាននោះទេ ពោលគឺដូចមានខាងក្រោម៖
១. នាយករដ្ឋមន្ត្រី ៖ ៣.៦៧៥.០០០ រៀល
២. ឧបនាយករដ្ឋមន្ត្រី ៖ ២.៨០០.០០០ រៀល
៣. ទេសរដ្ឋមន្ត្រី ៖ ២.៤៥០.០០០ រៀល
៤. រដ្ឋមន្ត្រី ៖ ២.១០០.០០០ រៀល
លុះដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ចាប់ពីឆ្នាំ២០១៧ ទៅ សមាជិករាជរដ្ឋាភិបាល នឹងទទួលបានការតំឡើងប្រាក់បំណាច់មុខងាររបស់ខ្លួន។ ដូច្នេះចាប់ពីឆ្នាំ២០១៧ រហូតមកទល់បច្ចុប្បន្ននេះ សមាជិករាជរដ្ឋាភិបាល ទទួលបានប្រាក់បំណាច់មុខងារ ដូចខាងក្រោម៖
១. នាយករដ្ឋមន្ត្រី ៖ ១០.០០០.០០០ រៀល (ប្រហែល ២.៤៥០ ដុល្លារ)
២. ឧបនាយករដ្ឋមន្ត្រី ៖ ៨.០០០.០០០ រៀល
៣. ទេសរដ្ឋមន្ត្រី ៖ ៦.០០០.០០០ រៀល
៤. រដ្ឋមន្ត្រី ៖ ៥.០០០.០០០ រៀល ។
សូមជម្រាបផងដែរថា សម្រាប់ប្រាក់ខែប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី នៅប្រទេសតំបន់អាស៊ាន គឺមានភាពខុសៗគ្នា ក្នុងនោះមានដូចជា នាយករដ្ឋមន្ត្រីថៃ ២.១៤០ ដុល្លារ, នាយករដ្ឋមន្ត្រីវៀតណាម ៨០០ ដុល្លារ, ប្រធានាធិបតីឡាវ ១.៦៣០ ដុល្លារ, ប្រធានាធិបតីឥណ្ឌូនេស៊ី ៤.៣០០ ដុល្លារ, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ៥.១៥០ ដុល្លារ, នាយករដ្ឋមន្ត្រីទីម័រខាងកើត ២.២៥០ ដុល្លារ, នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា ២.៧៣០ ដុល្លារ និងនាយករដ្ឋមន្ត្រីសិង្ហបុរី ១៣៤.១៦៦ ដុល្លារ។ ដោយឡែក ប្រទេសព្រុយណេ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋនោះ ពុំបានបង្ហាញតួលេខប្រាក់ខែ របស់ព្រះមហាក្សត្រនោះទេ៕