ក្រុមហ៊ុនមិត្តហ្វូន ចុះហត្ថលេខាផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន ដល់ក្រសួងបរិស្ថាន សម្រាប់គាំទ្រការបង្កើត និងដំឡើងកម្មវិធីបច្ចេកវិទ្យាឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ» ដើម្បីលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍសមត្ថភាព និងការលើកកម្ពស់ការយល់ដឹងលើកិច្ចការពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាបៃតង និងថាមពលស្អាត។

ពិធីចុះហត្ថលេខារវាងក្រុមហ៊ុនមិត្តហ្វូន និងក្រសួងបរិស្ថាន ធ្វើឡើងវត្តមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
ក្រៅពីការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន ក្រុមហ៊ុនមិត្តហ្វូន ក៏នឹងគាំទ្រនូវសកម្មភាពមួយចំនួន ដូចជា ការដំឡើងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ», ការរៀបចំបច្ចេកវិទ្យាឌីជីថលលើឯកសារគំរូ និងសម្ភារសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព, ជំរុញប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក, បង្កើតកម្មវិធីសេវាអេឡិចត្រូនិក ប្រតិបត្តិការ និងការថែទាំ, បង្កើតប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក និងការបង្កើតកម្មវិធី Apps ដែលពាក់ព័ន្ធផ្សេងៗ។

មិត្តហ្វូន បានវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើការបង្កើតនិងពង្រីកសេវាកម្មឌីជីថល ដែលរួមផលិតផលបច្ចេកវិទ្យាលេចធ្លោ ដូចជា CamID (Super app), ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS), E-money (E-wallet) ជាដើម ក្នុងកិច្ចប្រឹងប្រែងដើម្បីកសាងសង្គមទំនាក់ទំនងឌីជីថលមួយនៅកម្ពុជា ។ សម្រាប់ផលិតផលទាំងនេះហើយ ដែល មិត្តហ្វូន បានទទួលពានរង្វាន់ Grand Globee ពីកម្មវិធីប្រកួតប្រជែងពានរង្វាន់ធុរកិច្ចឆ្នើមអន្តរជាតិឆ្នាំ២០២១ លើកទី៨ របស់ស្ថាប័ន Globee Awards ។
លើសពីនេះ ក៏ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល មិត្តហ្វូន មានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដែលបម្រើសេវាកម្មដល់ប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ៕