៧ខែឆ្នាំនេះ កម្ពុជាបាត់បង់កម្លាំងពលកម្មការងារជាង ១ម៉ឺននាក់ដោយសាររោងចក្របិទទ្វារ

សង្គម​ និង​សេដ្ឋកិច្ច

រោងចក្របើកដំណើរការថ្មី ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២ មានចំនួន ១១២រោងចក្រ ដែលបានបង្កើតការងារសរុបចំនួន ៧៦ ៦២៤ នាក់ និងរោងចក្របិទទ្វារឈប់ដំណើរការក្នុងរយៈពេលដូចគ្នា មានចំនួន ៤៧រោងចក្រ ធ្វើឱ្យបាត់បង់ការងារចំនួន ១៦,៨៣៨នាក់។ នេះបើតាមលោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ រោងចក្រដែលបើកដំណើរការមានចំនួន ១ ៩៤៧រោងចក្រ នៅទូទាំងប្រទេស កើនឡើងចំនួន ៤២៥ រោងចក្រ ស្មើនឹង២៧.៩២% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ រោងចក្រដំណើរ ការមានចំនួន ១ ៥២២រោងចក្រ។

ចំណែកកម្លាំងពលកម្មសរុបគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ មានចំនួន ១,០៤៤,២២៦នាក់ ក្នុងនោះមានស្រី្តចំនួន ៧៩៣,០២៨នាក់ ស្មើនឹង ៧៥.៩៤% មានការកើនឡើងចំនួន ៦២,០២៣នាក់ ស្មើនឹង ៦.៣១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ កម្លាំងពលកម្មសរុបមានចំនួន ៩៨២,២០៣នាក់។

សម្រាប់ទុនវិនិយោគសរុបវិញ មានចំនួនជាង ១៥ ៧០៧លានដុល្លារ មានការកើនឡើងចំនួនជាង ៦ ២៩៧លានដុល្លារ ស្មើនឹង៦៦.៩១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ទុនវិនិយោគសរុបមានចំនួនជាង ៩ ៤១០លានដុល្លារ៕