USAID ចាប់ផ្តើមដំណើរការគម្រោងថវិកា ២៥ លានដុល្លារ ដើម្បីជំរុញវិស័យកសិកម្មនៅ កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ថ្មីៗនេះ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ថា USAID បានចាប់ផ្តើមលើគម្រោងថ្មី ជាមួយថិវិកា ២៥ លានដុល្លារ ក្នុងគោលបំណងលើកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើតឱ្យមានការប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះ​ ត្រូវបានគេស្គាល់ថា ជា “Harvest III” ​ដែលនឹងត្រូវបានអនុវត្តក្នុងរយ:ពេល ៥ ឆ្នាំ ជាមួយនឹងការផ្តល់មូលនិធិដោយគំនិតផ្តួចផ្តើម Feed the Future តាមរយ:រដ្ឋាភិបាលសហរដ្ឋអាមេរិក និងគ្រប់គ្រងដោយ USAID ។

ឯកអគ្គរដ្ឋទូសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក W.Patrick Murphy បានមានប្រសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានវិនិយោគជិត ១០០ លានដុល្លារ ក្នុងរយ:ពេលមួយទសវត្សរ៍កន្លងមកនេះ ដើម្បីបង្កើនទាំងអាហារូបត្ថម្ភ និងប្រាក់ចំណូលគ្រួសារ នៅកម្ពុជា តាមរយ:ការពង្រឹងទៅលើវិស័យកសិកម្ម របស់ប្រទេស ។

គួរឱ្យដឹងថា គម្រោង Harvest III នេះ នឹងធ្វើការជាមួយសហករណ៍កសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា រួមទាំងស្ថាប័នហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ក៏ដូចជាបង្កើតការងារ និងចាប់យកឱកាសទីផ្សារ ក្នុងវិស័យកសិកម្ម ដោយធ្វើការជាមួយវិស័យឯកជន ។

មិនតែប៉ុណ្ណោះ គម្រោងនេះ​ គឺជាការវិនិយោគបន្ថែមទៀត ទៅលើគម្រោងដែល USAID/Cambodia មានស្រាប់ ក្នុងការលើកកម្ពស់ឱកាសសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ ៕