លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា៖ «បើគ្រាន់តែដឹង គឺមិនគ្រាប់គ្រាន់ទេ យុវជនត្រូវមានសមត្ថភាពចេះវិភាគ សំយោគ ថាតើព័ត៌មានណាត្រឹមត្រូវ ព័ត៌មានណាពិត ព័ត៌មានណាក្លែងក្លាយ និងចេះធ្វើសេចក្តីសន្និដ្ឋាន។ លោកថា យុវជនត្រូវមានមូលដ្ឋានគ្រឹះរឹងមាំ ដោយរៀនឲ្យចេះច្បាស់ទាំងខាងបច្ចេកទេស និងជំនាញទន់»។

ថ្លែងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ វគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ៖ «យុវជនត្រូវមានចំណេះដឹង បំណិន និងចរិយាធម៌ជាពលរដ្ឋល្អ ដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ» នៅថ្ងៃទី១២ ខែសីហានេះ លោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ប្រសិនបើយុវជនយើងប្រើប្រាស់ខ្លាំងពេកតែដំណឹង ឬក៏ចំណេះដឹងដែលបានមកពីអិនធើណេត ដោយមិនយកចិត្តទុកដាក់ទៅលើចំណេះដឹងកម្រិតខ្ពស់ក៏មិនអាចសម្រេចបាននូវគោលដៅបានឡើយ។
ទាក់ទងនឹងចំណេះដឹងកម្រិតខ្ពស់ លោករដ្ឋមន្រ្តី បានពន្យល់យ៉ាងដូច្នេះថា៖ «ជាចំណេះដឹងខាងផ្នែកទ្រឹស្តី ទស្សនវិជ្ជា និងអានសៀវភៅ ទើបអាចទទួលចំណេះដឹងបាន ព្រោះថា នៅលើអិនធើណេតជាការពិតមានព័ត៌មានជាច្រើន ប៉ុន្តែប្រសិនដឹងតែចំណេះដឹងមូលដ្ឋានដោយមិនបានយកចិត្តទុកដាក់ដល់ចំណេះដឹងកម្រិតខ្ពស់ ហើយមិនមានសមត្ថភាពនៅក្នុងការត្រិះរិះពិចារណា វិភាគ សំយោគនោះទេ គឺចំណេះនោះមិនគ្រប់គ្រាន់ឡើយ»។

យ៉ាងណា លោករដ្ឋមន្រ្តីក្រសួងអប់រំ បានផ្តល់នូវយុទ្ធសាស្រ្តគន្លឹះដល់យុវជន ត្រូវតែគិតគូរដល់ចំណេះដឹងបច្ចេកទេសដែលកំពុងមានសារៈសំខាន់ខ្លាំងនៅក្នុងបរិបទបច្ចេកវិទ្យាដោយកំពុងរីកលូតលាស់លឿន។ លោកថា បំណិនចាស់ៗនឹងបាត់បងទៅយ៉ាងលឿន ហើយបំណិនថ្មីៗនឹងកើតឡើងយ៉ាងច្រើន។
លោក ហង់ជួន ណារ៉ុន បានលើកយកការទស្សទាយថា ក្នុងរយៈពេល ១៥ឆ្នាំទៀត មានបំណិតប្រមាណ ៤០% នឹងកើតឡើង ដូច្នេះតើយើងត្រូវបណ្តុះបណ្តាលយុវជនណាដូចម្តេចដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកមួយដែលបើប្រាស់នៅបច្ចេកវិទ្យា ហើយទាមទារនូវបំណិនថ្មីៗ ខណៈដែលបំណិននេះវិវត្តន៍យ៉ាងលឿន។ លោកលើកឧទាហរណ៍ថា ទូរសព្ទក្នុងមួយឆ្នាំត្រូវធ្វើទំនើបកម្មម្តង ដូច្នេះបច្ចេកវិទ្យាដើរលឿនណាស់ ហើយបំណិនថ្មីៗកាន់តែអភិវឌ្ឍនៅក្នុងសម័យឌីជីថល។
កម្ពុជាគួរតែពិចារណា លើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្ម សម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរក បដិវត្តឧស្សាហកម្មទី៤ ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និង ការងារដែលត្រូវផ្លាស់ប្តូរ។ នេះបើតាមការសិក្សាថ្មីមួយដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីពេលកន្លងទៅ។
ការសិក្សានេះពិនិត្យទៅលើ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅកម្ពុជា ព្រោះ វិស័យទាំងពីរមានសារៈសំខាន់សម្រាប់កំណើន ការងារ ភាពប្រកួតប្រជែងអន្តរជាតិ និងបដិវត្តឧស្សាហកម្មទី៤។

ការសិក្សាដដែលនេះ ក៏បានលើកទឹកចិត្តឱ្យប្រទេសកម្ពុជា អភិវឌ្ឍកម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយផ្តោតលើការទទួលស្គាល់ 4IR ក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ និង ទេសចរណ៍ និងផ្តោតលើកម្មវិធីវិញ្ញាបនប័ត្រជំនាញ ប្រកបដោយភាពបត់បែន ដែលអាចទទួលស្គាល់ ការបំពេញជំនាញ ក្រៅប្រពន្ធ័អប់រំប្រពៃណី។
ទន្ទឹមនឹងនេះ អ្នកជំនាញជាន់ខ្ពស់ផ្នែកអប់រំរបស់ ADB លោកស្រី Shanti Jagannathan មានប្រសាសន៍ ថា “នៅពេលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស ការវិនិយោគយ៉ាងច្រើនលើជំនាញឌីជីថលនឹងជួយបង្កើនឱកាសរបស់យុវជននិងមនុស្សចំណាស់ក្នុងការទទួលបានការងារដែលមានគុណភាពខ្ពស់និងបន្ថយហានិភ័យនៃការបាត់បង់ការងារ ។ ឥឡូវនេះ គឺជាពេលវេលា ដើម្បីគិតឡើងវិញ នូវការផ្តល់ជំនាញដោយប្រើ វេទិកានិម្មិតនិងបច្ចេកវិទ្យាទូរស័ព្ទចល័ត ព្រមទាំងអភិវឌ្ឍស្ថាប័នបណ្តុះបណ្តាលឱ្យភាពរហ័សរហួនក្នុងការផ្តល់នូវវគ្គសិក្សានិងសញ្ញាបត្រដែលត្រូវនឹងតម្រូវការទីផ្សារ៕