បើតាមការឲ្យដឹងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញថា វិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ទទួលបានកំណើនជាង ៤៣ % បើធៀបទៅនឹងរយៈពេល ៥ ឆ្នាំកន្លងមក។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងក្នុងសន្នីសីទវឌ្ឍនភាព ៥ ឆ្នាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅទីស្តីការគណៈរដ្ឋមន្រ្តីថា ទុនវិនិយោគផ្នែកវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជាកើនឡើងចំនួនជាង ១៣,៤៧៤ លានដុល្លារអាមេរិក បើធៀបទៅរយៈពេល ៥ ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ទុនវិនិយោគសរុបមានចំនួនតែជាង ៩,៤១០ លានដុល្លារអាមេរិក។
លោក ហេង សុខគង់ បានបន្តថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ រោងចក្រដំណើរការមានចំនួន ១,៨៤៩ ខណៈនៅក្នុងឆ្នាំ ២០១៧ មានចំនួន ១.៥២២ រោងចក្រ គឺរយៈពេល ៥ ឆ្នាំចុងក្រោយ មានរោងចក្រកើនឡើងថ្មីចំនួន ៣២៧ រោងចក្រ។
បើតាមលោក ហេង សុខគង់ កំណើនវិនិយោគលើវិស័យឧស្សាហកម្ម ក៏បានចូលរួមបង្កើតការងារដល់ពលរដ្ឋបានចំនួន ៩៧០,៤៨៧ នាក់ផងដែរ៕