គណៈកម្មការអឺរ៉ុបបានចេញសេចក្ដីសម្រេចនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់យ៉ាងលើកលែងតែអាវុធ – EBA ” ពីកម្ពុជា។ ការដកផ្នែកខ្លះនេះ ធ្វើឲ្យកម្ពុជាបង់ពន្ធទៅតាមស្ដង់ដារបស់អឺរ៉ុប សម្រាប់ទំនិញមួយចំនួនដូចជា ផលិតផលកាត់ដេរសំលៀកបំពាក់ និងស្បែកជើងមួយចំនួន ព្រមទាំងទំនិញសម្រាប់ធ្វើដំណើរ និងស្ករស។
បើយោងតាមសេចក្ដីសម្រេចចិត្តនេះបានឲ្យដឹងថា ការនាំចេញផលិតផលកាត់ដេរសំលៀកបំពាក់ និងស្បែកជើងដែលមានតម្លៃខ្ពស់ របស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ព្រមទាំងឧស្សាហកម្មដែលទើបតែកើតថ្មីនៅកម្ពុជា នឹងបន្តទទួលបានផលប្រយោជន៍ពីការលើកលែងពន្ធ និងកូតាទៅកាន់ទីផ្សារអឺរ៉ុបដដែល។
ការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានតម្លៃស្មើនឹងប្រមាណ ១ ភាគ ៥ នៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ដែលមានតម្លៃជាង ១ប៊ីលានអឺរ៉ូ (ប្រមាណ ១.១ប៊ីលានដុល្លារសហរដ្ឋអាមេរិក)។
សេចក្ដីសម្រេចនេះនឹងចូលជាធរមាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ប្រសិនបើគ្មានការជំទាស់ពីក្រុមប្រឹក្សា និងសភាអឺរ៉ុប។
គួរបញ្ជាក់ផងដែរថា សហភាពអឺរ៉ុបជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ខណៈនៅឆ្នាំ២០១៨ ផលិតផលនាំចេញរបស់កម្ពុជាជាង ៤៥% នាំចេញទៅអឺរ៉ុប។ ៩៥.៧% នៃការនាំចេញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលមានតម្លៃប្រមាណជា ៥.២ប៊ីលានអឺរ៉ូ (ប្រមាណ ៥.៦ប៊ីលានដុល្លារសហរដ្ឋអាមេរិក) កាលពីឆ្នាំ២០១៨៕